ការប្រមូលផ្តុំតវ៉ារបស់ក្រុមអតីតអតិថិជនក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) ដើម្បីទាមទារប្រាក់ដែលបានបាត់បង់ បានប្រែក្លាយជាការប្រតាយប្រតប់គ្នាជាមួយអាជ្ញាធរ បង្កឱ្យមានការភ្ញាក់ផ្អើលជាថ្មីនៅមុខស្នាក់ការធនាគារជាតិនៃកម្ពុជា កាលពីព្រឹកថ្ងៃចន្ទនេះ។ ធនគារជាតិអះអាងាថា ករណីអតីតក្រុមហ៊ុន ហួយវ័ន ផេ មិនស្ថិតក្រោមសមត្ថកិច្ចរបស់ធនាគារជាតិនៃកម្ពុជាទៀតឡើយ។

នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ នេះ ក្រុមមនុស្សមួយក្រុមដែលភាគច្រើនជាជនជាតិចិន និងអះអាងខ្លួនជាអតីតអតិថិជនរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ (Huione Pay) បានប្រមូលផ្តុំគ្នានៅក្បែរស្នាក់ការធនាគារជាតិនៃកម្ពុជា ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គោលបំណងនៃការជួបជុំនេះ គឺដើម្បីស្វែងរកអន្តរាគមន៍ពីធនាគារជាតិក្នុងការទាមទារយកប្រាក់ដែលពួកគេបានបាត់បង់ត្រឡប់មកវិញ។
យោងតាមវីដេអូដែលបានចែកចាយលើបណ្តាញសង្គម Facebook បង្ហាញថា ការប្រមូលផ្តុំនេះមានការប្រតាយប្រតប់គ្នារវាងអាជ្ញាធរ និងក្រុមអ្នកតវ៉ា រហូតបង្កឱ្យមានអ្នករងរបួសផងដែរ។ គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ នៅទីតាំងដដែលនេះ ក៏ធ្លាប់មានការតវ៉ា និងការបិទផ្លូវជាបណ្តោះអាសន្នម្តងរួចមកហើយ ដែលបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ។ កាលនោះ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខបានចុះសម្របសម្រួលឱ្យបើកផ្លូវឡើងវិញដោយសន្តិវិធី និងមិនមានហិង្សាកើតឡើងដូចលើកនេះឡើយ។ រហូតមកដល់ពេលនេះ អាជ្ញាធររាជធានីភ្នំពេញមិនទាន់បានបញ្ជាក់លម្អិតពីមូលហេតុដែលនាំឱ្យឈានដល់ការប្រើហិង្សានោះទេ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា អតីតគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក ទទួលបានអាជ្ញាបណ្ណកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីធ្វើប្រតិបត្តិការទូទាត់សងប្រាក់ ប៉ុន្តែមិនមានសិទ្ធិទទួលប្រាក់បញ្ញើ ឬផ្តល់ឥណទានដូចធនាគារឡើយ។ ដោយសាររកឃើញថា ប្រតិបត្តិការរបស់ក្រុមហ៊ុននេះពុំអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ធនាគារជាតិបានសម្រេចដកហូតអាជ្ញាបណ្ណកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។
ក្រោយការដកអាជ្ញាបណ្ណ អាជ្ញាធរបានប្រគល់សិទ្ធិឱ្យក្រុមហ៊ុន រីចឆ៍ & ផាតនើ (Rich & Partners) អនុវត្តនីតិវិធីជម្រះបញ្ជី។ ក្រុមហ៊ុនបានប្រកាសឱ្យម្ចាស់បំណុលដាក់ពាក្យស្នើសុំទូទាត់បំណុលចំនួន ២ លើក (លើកទី១ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ និងលើកទី២ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥)។ រហូតដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុន ហួយវ័ន ផេ ត្រូវបានលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្មជាស្ថាពរ។
ទោះជាយ៉ាងណា នៅតែមានបុគ្គលមួយចំនួនអះអាងថាខ្លួនជាម្ចាស់បំណុលដែលមិនទាន់ទទួលបានសំណង។ ដើម្បីការពារផលប្រយោជន៍អតិថិជន ធនាគារជាតិបានអញ្ជើញពួកគេឱ្យមកបញ្ជាក់អត្តសញ្ញាណកាលពីថ្ងៃទី៨ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ ជាលទ្ធផល មានអ្នកចុះឈ្មោះចំនួន ១,២៩៧ នាក់ ដែលមានទឹកប្រាក់សរុបប្រមាណ ៣១ លានដុល្លារអាមេរិក និង ២០ លានជាទម្រង់ USDT (គ្រីបតូ)។
ក្រោយពីការពិនិត្យផ្ទៀងផ្ទាត់ផ្នែកច្បាប់យ៉ាងល្អិតល្អន់ជាមួយអន្តរក្រសួង (ក្រសួងយុត្តិធម៌, សេដ្ឋកិច្ច, មហាផ្ទៃ និងគណៈកម្មការប្រយុទ្ធប្រឆាំងការបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា) ធនាគារជាតិបានសន្និដ្ឋានថា ឯកសារដែលទទួលបាន ពុំមានមូលដ្ឋានគតិយុត្តិគ្រប់គ្រាន់ ដើម្បីកំណត់ភាពជាម្ចាស់បំណុលឡើយ។
ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងចុងក្រោយថា រាល់ការអះអាងជាម្ចាស់បំណុលក្រោយពេលក្រុមហ៊ុនត្រូវបានរំលាយចោល គឺមិនស្ថិតក្រោមសមត្ថកិច្ចរបស់ធនាគារជាតិទៀតឡើយ។ បុគ្គលដែលមានបំណងបន្តទាមទារ អាចស្វែងរកដំណោះស្រាយតាមយន្តការតុលាការ និងច្បាប់ជាធរមាន៕

