យោងតាមរបាយការណ៍ ដែលបានផ្ដល់ទៅកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា បានបង្ហាញលទ្ធផលការងាររបស់ខ្លួនក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ដោយសម្រេចបាននូវការបណ្ដុះបណ្ដាលសិក្ខាកាមសរុប ៣,៣៨៧នាក់ តាមរយៈវគ្គសិក្សាចំនួន ៣០វគ្គ ព្រមទាំងបានពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រតិភូអន្តរជាតិមកពី ៦ប្រទេស និងបានធ្វើទំនើបកម្មកម្មវិធីសិក្សាដល់ទៅ ៣០មុខវិជ្ជា ដើម្បីពង្រឹងសមត្ថភាពកងកម្លាំងនគរបាលជាតិឱ្យកាន់តែរឹងមាំស្របតាមយុទ្ធសាស្ត្របញ្ចកោណ។

របាយការណ៍បណ្ឌិត្យសភានគរបាលកម្ពុជាបង្ហាញថា ក្នុងរយៈពេល៣ខែដំបូងនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំកិច្ចប្រជុំ និងកម្មវិធីផ្សេងៗជាច្រើនលើក ក៏ដូចជាការទទួលបដិសណ្ឋារកិច្ច ឯកឧត្តមអភិសន្តិបណ្ឌិត និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ព្រមទាំងការទទួលគ្រូពេទ្យស្ម័គ្រចិត្ត និងថ្នាក់ដឹកនាំនានា ជាពិសេសបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលគណៈប្រតិភូអន្តរជាតិចំនួន៦ប្រទេស និងបានចុះអនុស្សរណៈ (MoU) ជាមួយមជ្ឈមណ្ឌលវប្បធម៌ នៃប្រទេសតួកគីយ៉េ។

ជាមួយគ្នានេះ បណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានអភិវឌ្ឍសមត្ថភាពគ្រូ និងមន្ត្រី ដោយបានបើកដំណើរការបណ្តុះបណ្តាល ផ្ទៃក្នុងជាតិ៣វគ្គ និងអន្តរជាតិ១វគ្គ ស្មើនឹងមនុស្ស៣៣៧នាក់បានចូលរួម។  បានបើកវគ្គបាឋកថា៣វគ្គ ស្មើនឹង៨១៧នាក់ និងបានបញ្ជូនមន្ត្រីទៅរៀនក្រៅប្រទេស១នាក់ ក្នុងប្រទេស៦៨នាក់ ព្រមទាំងបានធ្វើតេស្តវាស់ស្ទង់សមត្ថភាពឌីជីថល បានចំនួន២០៥នាក់។

ដោយឡែក ការពង្រឹងយន្តការធានាគុណភាពអប់រំផ្ទៃក្នុង និងកែលម្អកម្មវិធីសិក្សាឱ្យកាន់តែប្រសើរឡើង ក៏ត្រូវបានស្ថាប័នទទួលបន្ទុកបណ្ដុះបណ្ដាលកងកម្លាំងមួយនេះ យកចិត្តទុកដាក់អនុវត្តយ៉ាងសកម្មផងដែរ។ ក្នុងនោះរួមមាន ការវាយតម្លៃ និងអភិវឌ្ឍសមត្ថភាពគ្រូបង្គោលផ្នែកភាសាអង់គ្លេស និងឌីជីថលចំនួន ២៥នាក់ អភិវឌ្ឍសមត្ថភាពគ្រូ៨៦នាក់ ការកែលម្អសៀវភៅគោលចំនួន ៣០មុខវិជ្ជា និងការបន្តចងក្រងសៀវភៅស្រាវជ្រាវចំនួន ៦ប្រធានបទបន្ថែមទៀត។ បណ្ឌិត្យសភាក៏បានជំរុញការងារទស្សនាវដ្ដីវិទ្យាសាស្ត្រ ព្រមទាំងបន្តការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធនានាឱ្យមានភាពទំនើបផងដែរ។

ជាងនេះទៀត បណ្ឌិត្យសភានគរបាល បានជួបជាមួយអាណាព្យាបាលនិស្សិត ដែលជ្រើសរើសថ្មី ដើម្បីតម្រង់ទិសមុនចាប់ផ្ដើមសិក្សា និងបានដំណើរការវគ្គសិក្សារយៈពេលវែង-ខ្លី ចំនួន៣០វគ្គ ដោយមានសិក្ខាកាមចូលរួមចំនួន ៣.៣៨៧នាក់ មាននារី៥៨៦នាក់។ បន្ថែមពីនេះទៀត បណ្ឌិត្យសភានគរបាលបានបញ្ចប់គម្រោងស្រាវជ្រាវចំនួន១  និងបានកំពុងអនុវត្តគម្រោងស្រាវជ្រាវសំខាន់ៗចំនួន៣ រួមមានគម្រោងមេគង្គ-ឡានឆាង ការងារជាមួយKOICA និងការចងក្រងសទ្ទានុក្រមបច្ចេកទេសក្នុងវិស័យសន្តិសុខ។

ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិតសភានគរបាលកម្ពុជា បានចាត់ទុកលទ្ធផលដែលសម្រេចបានក្នុងរយៈពេលមួយត្រីមាសដើមឆ្នាំ២០២៦នេះ ថាជាការបង្ហាញអំពីការបោះជំហានយ៉ាងលឿនក្នុងការធ្វើទំនើបកម្មការបណ្ដុះបណ្ដាលកងកម្លាំងមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ស្របតាមគោលការណ៍ដឹកនាំតម្រង់ទិសជាប់ជាប្រចាំ ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រុមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

គួរកត់សម្គាល់ថា សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ បន្តមកទៀតនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានដាក់ចេញនូវទិសដៅការងារបន្តយ៉ាងច្បាស់លាស់ ក្នុងការបន្តអនុវត្តផែនការកាងារ ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងនោះរួមមាន អនុវត្តផែនការសកម្មភាពឆ្នាំ២០២៦ កសាងសមិទ្ធផលថ្មីៗ អភិវឌ្ឍសមត្ថភាពថ្នាក់ដឹកនាំ គ្រូ និងមន្ត្រី កៀរគរសប្បុរសជន ដើម្បីការអភិវឌ្ឍ ដំណើរការវគ្គគ្រប់កម្រិត ពង្រឹងគុណភាពអប់រំបណ្ដុះបណ្ដាល សហការកែលម្អនិងធ្វើអន្តរជាតូបនីយកម្មកម្មវិធីអប់រំ (សិក្សាសាលាស្តីពី «ការអភិវឌ្ឍកម្មវិធីអប់រំ») សហការរៀបចំសទ្ទានុក្រមបច្ចេកសព្ទក្នុងវិស័យសន្តិសុខ សហការជាមួយ KOICAប្រមូលឯកសារ និងសម្ភារនានា ដើម្បីរក្សាទុកក្នុងសាលប្រពៃណី៕

ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Share.