បាត់ដំបង÷ ភ្លៀងជោកជាំ លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ខ្លាំងបានបោកបក់បំផ្លាញដើមទុរេន និងផ្លែទុរេនរាប់ពាន់ផ្លែ ផ្ទះប្រជាពលរដ្ឋជាង ១០០ខ្នងក្នុងស្រុកសំឡូត និងស្រុកសង្កែ។




លោក ហ៊ុន ធឿន អភិបាលស្រុកសំឡូតបានបញ្ជាក់ឲ្យដឹងថា÷ ភ្លៀង និងខ្យល់កន្ត្រាក់ខ្លាំងនៅល្ងាចថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៦នេះបានបោកបក់យ៉ាងខ្លាំងលើឃុំស៊ុង ក្នុងនោះបណ្តាលឲ្យប៉ះពាល់ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋខូចខាតចំនួន ២ខ្នង ប៉ើងក្បឿងដំបូលសាសាបឋមសិក្សាស្រែរាជ ១ខ្នង លើសពីនៅបានប៉ះពាល់ដល់ចម្ការទុរេនរបស់កសិករមួយចំនួនធំផងដែរបណ្តាលឲ្យរលំបាក់ដើម និងប៉ើងដាច់រុះផ្លែរាប់សិបផ្លែថែមទៀត។




កសិករឈ្មោះ ហេង ហេង ជាម្ចាស់ចម្ការទុរេនក្នុងមូលដ្ឋានស្រុកសំឡូតបានបង្ហោះសារភ្ជាប់ជាមួយរូបភាពតាមបណ្តាញសង្គមនៅថ្ងៃដដែលដោយលើកឡើងថា÷ ចម្ការទុរេនរបស់គាត់ចំនួន ៣ទីតាំងឋិតក្នុងឃុំស៊ុង ជិតប្រមូលផលហើយក៏ត្រូវខ្យល់បោកបក់បំផ្លាញដែលដើមខ្លះត្រូវរលំ បាក់មេឃ និងជ្រុះផ្លែរាប់ពាន់ផ្លែត្រឹមតែរយ:ខ្លី។




ចំណែកមន្ត្រីអាជ្ញាធរស្រុកសង្កែ ខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងដែរថា÷ នៅល្ងាចថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៦ ម្សិលមិញនេះគ្រោះធម្មជាតិបង្កជាខ្យល់កន្ត្រាក់បានយាយីបោកបក់យ៉ាងខ្លាំងល៊ើឃុំចំនួន ៣ក្នុងសង្កែ បណ្តាលឲ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋខូចខាតយ៉ាងដំណំសរុបចំនួន ១០១ខ្នង ក្នុងនោះប៉ើងដំបូលក្បឿងសាលារៀន រួមទាំងបង្គោលខ្សែភ្លើងមួយចំនួនទៀត។




ក្នុងចំណោមឃុំដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេមានឃុំអន្លង់វិល ប៉ះពាល់ភូមិ ៤ នាំឲ្យខូចខាតផ្ទះពលរដ្ឋចំនួន ៥៣ខ្នង ប៉ើងដំបូលធ្ងន់ធ្ងរ ៣៣ខ្នង់ និងខូចខាតមធ្យមដោយអន្លើៗចំនួន ២០ខ្នង។




ចំពោះឃុំអូរដំបង ២ ប៉ះពាល់ភូមិចំនួន ៦ ខួចខាតផ្ទះចំនួន ៤៦ខ្នង រលំទាំងស្រុង ១ ខ្នង ប៉ើងដំបូលធ្ងន់ធ្ងរ ២៥ ខ្នង់ និងដោយអន្លើៗសរុបចំនួន ២០ខ្នង និងនៅក្នុងឃុំវត្តតាមិម ប៉ះពាល់ ១ភូមិ ខូចខាតខ្នងផ្ទះធ្ងន់ធ្ងរចំនួន ២ខ្នង៕
អត្ថបទ: ដំបងក្រញូង
