តាមរយៈក្រសួងទេសចរណ៍កម្ពុជានាពេលថ្មីៗនេះបានឱ្យដឹងថា ក្រសួងបានទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅចំពោះប្រតិភូព្រះសង្ឃចំនួន ១៦ អង្គ ពីវត្តសៅលីង ប្រទេសចិន ដែលបាននិមន្តមកដល់កម្ពុជានៅរសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៦ តាមរយៈអាកាសយាន្តដ្ឋានអន្តរជាតិតេជោ។ ការនិមន្តមកដល់នេះ បានធ្វើឡើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងគោលបំណងចូលរួមសម្តែងក្នុង «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» (Cambodia-China Martial Arts Performance)។

ព្រឹត្តិការណ៍ដ៏សំខាន់នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦ ចាប់ពីម៉ោង ៧:០០ ព្រឹក ត្រង់បរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប។ នេះជាលើកទីពីរហើយដែលទស្សនិកជន នឹងបានទស្សនាការសម្តែងរួមគ្នាប្រកបដោយអានុភាពរវាងក្បាច់គុនបុរាណខ្មែរ រួមមាន គុនល្បុក្កតោ, យុទ្ធគុនខម និង ប្រដាល់គុនខ្មែរ ជាមួយនឹងក្បាច់គុនចិនដ៏ល្បីល្បាញលើពិភពលោក កុងហ្វូសៅលីង និង ថៃជី។
ដូចតាមការរំពឹងទុក ព្រឹត្តិការណ៍នេះនឹងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលរួមទស្សនាដោយផ្ទាល់ និងដោយសេរីប្រមាណជាង ១,០០០នាក់។ ហើយតាមរយៈការសម្តែងរួមគ្នានេះ មិនត្រឹមតែជាការផ្លាស់ប្តូរវប្បធម៌-កីឡាដ៏ស្រស់បំព្រងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃចំណងមិត្តភាព «ដែកថែប» រវាងប្រទេសទាំងពីរ។
ក្រសួងទេសចរណ៍ ក៏បានគូសបញ្ជាក់ឱ្យដឹងទៀតថា ភាពរស់រវើកនៃក្បាច់គុនសៅលីង បូកផ្សំជាមួយសម្រស់ដ៏អច្ឆរិយៈនៃប្រាសាទអង្គរ និងគុនល្បុក្កតោខ្មែរ នឹងក្លាយជា កម្លាំងចលករដ៏រឹងមាំ ក្នុងការទាក់ទាញទេសចរចិនមកកម្សាន្តកម្ពុជាបន្ថែមទៀត។ ជាពិសេស នៅឆ្នាំ ២០២៤ កន្លងទៅដែលត្រូវបានកំណត់ជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន-ប្រជាជន» កម្ពុជា-ចិនធ្លាប់បានរួមគ្នាជំរុញវិស័យទេសចរណ៍ប្រកបដោយជោគជ័យ។ ឥឡូវនេះ មហោស្រពស្តីពីក្បាច់គុនចម្រុះ នឹងបន្តជំរុញនិន្នាការនេះ និងបើកទ្វារទេសចរណ៍ក្រោយវិបត្តិឲ្យកាន់តែភ្លឺស្វាងឡើងថែមទៀត។
សូមជម្រាបថា ក្រសួងទេសចរណ៍ ក៏បានជំរុញផ្សព្វផ្សាយដល់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ឱ្យចូលរួមគាំទ្រ និងផ្សព្វផ្សាយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ដើម្បីលើកកម្ពស់កិត្តិនាមវិស័យទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិផងដែរ៕

