ជាតិ៖ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិភាពជាអចិន្ត្រៃយ៍នៅតាមព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៦ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលនាំក្រុមអនុព័ន្ធយោធាបរទេស (MACPP) ចុះទស្សនកិច្ចនៅតាមបណ្តាខេត្តស្ថិតនៅតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ។

ការចុះពិនិត្យនេះ បានធ្វើឡើងក្នុងឱកាសដែលប្រទេសទាំងពីរកំពុងគោរពការអនុវត្តបទឈប់បាញ់ ដោយមានការចូលរួមត្រួតពិនិត្យពីក្រុមសង្កេតការបរទេស ដើម្បីធានាឱ្យមានតម្លាភាព និងទំនុកចិត្តលើដំណើរការរក្សាសន្តិភាពនៅតាមព្រំដែន។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថាដំណើរទស្សនកិច្ចនេះ បង្ហាញពីជំហររបស់កម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ កម្ពុជាប្តេជ្ញាប្រឆាំងការប្រើប្រាស់កម្លាំងបាយ ដើម្បីសម្រេចឱ្យបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយូរអង្វែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ក្រសួងការពារជាតិ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែដាក់បូរណភាពទឹកដី និងសុខសន្តិភាពប្រជាពលរដ្ឋជាអាទិភាពកំពូល។ ការនាំក្រុមសង្កេតការបរទេសចុះពិនិត្យនៅតំបន់ព្រំដែន ជាភស្តុតាងនៃភាពបើកចំហ តម្លាភាព និងការទទួលខុសត្រូវរបស់កម្ពុជាចំពោះសហគមន៍អន្តរជាតិ ក្នុងការគ្រប់គ្រងព្រំដែនប្រកបដោយសន្តិភាព និងចីរភាព។
កម្ពុជាសូមប្រកាសយ៉ាងមុតមាំថា រាល់កិច្ចខិតខំប្រឹងប្រែងការទូត យោធា និងនីតិវិធីអន្តរជាតិនាពេលបច្ចុប្បន្ន គឺសុទ្ធតែធ្វើឡើងក្នុងគោលបំណងការពារផលប្រយោជន៍ជាតិជានិរន្តរ៍ និងកសាងព្រំដែននៃមិត្តភាព សន្តិភាព និងការអភិវឌ្ឍរួមគ្នាជាមួយប្រទេសជិតខាង៕
ព័ត៌មានលម្អិត សូមចុច ៖ https://t.me/troryorngsocial

