នគររាជសីមា៖ បញ្ហាអសន្តិសុខ និងបញ្ហាស្កេមម័រនៅថៃ កំពុងតែដើរតួធំអុកឡុកសង្គមថៃឱ្យរកសេចក្ដីស្ងប់សុខមិនឃើញ ព្រោះមិនលស់ថ្ងៃឡើយដែលពលរដ្ឋថៃត្រូវរស់នៅប្រឈមមុខនឹងភាពភ័យខ្លាចនៃការឆបោក និងអំពើចោរកម្មដូចមានដំណឹងផ្សព្វផ្សាយថ្មីៗនេះ មានករណីប្លន់ហាងមាសដ៏គឃ្លើនមិនមួយបានកើតឡើងទាំងថ្ងៃ ក្នុងស្រុក Chok Chai ខេត្តនគររាជសីមា (កូរ៉ាត់) ដែលបង្កឡើងដោយជនជាតិចិនត្រឹមតែ២នាក់ប៉ុណ្ណោះ។

ហេតុការណ៍ប្លន់កក្រើកក្រុងទាំងថ្ងៃនេះមិនត្រឹមតែជាអំពើចោរកម្មធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាការទះកំផ្លៀងមួយទំហឹងទៅលើមុខអាជ្ញាធរថៃ ចំពោះការគ្រប់គ្រងភ្ញៀវទេសចរ និងសុវត្ថិភាពសាធារណៈដែលកំពុងមានភាពរង្គោះរង្គើ និងមិនអាចរក្សាការពារបាននូវសន្តិសុខសណ្ដាប់ធ្នាប់ក្នុងសង្គមរបស់ខ្លួន។

អាជ្ញាធរថៃបែបកំពុងតែលង់លក់ក្នុងដំណេកដ៏សុខស្រួល ទើបម្ដងនេះមិនមែនត្រឹមតែជនជាតិថៃដែលហ៊ាន សូម្បីតែជនជាតិចិនក៏ព្រហើនហ៊ានបង្ករឿងក្នុងប្រទេសថៃដោយមិនញញើតដែរ។ កាលពីថ្ងៃអាទិត្យ ទី២៧ ខែមេសា វេលាម៉ោង ១០:១១នាទី ជនសង្ស័យឈ្មោះ Zou Qintao អាយុ ២៧ឆ្នាំ) និងម្នាក់ទៀតឈ្មោះ Song Haolong អាយុ ១៩ឆ្នាំ មកពីខេត្តស៊ីឈ័ន បានសម្រុកចូលហាងលក់មាសក្នុងតំបន់ Dan Kwian ដោយពាក់ម៉ាសបិទមុខជិត។

គ្រាន់តែឃើញវត្តមានជនសង្ស័យ បុគ្គលិកស្រីៗក្នុងហាងបានរត់ភៀសខ្លួនទៅក្រោយហាងទាំងភ័យស្លន់ស្លោរ។ ដោយសារមានរបាំងដែកការពារមាស ក្រុមចោរបានប្រើវត្ថុរឹងវាយកម្ទេចទូកញ្ចក់យកចិញ្ចៀនមាសដែលមានតម្លៃប្រមាណ ៣០០,០០០បាត (៨,១៥០ ដុល្លារអាមេរិក) រួចឡើងរថយន្ត Toyota Yaris ពណ៌ស គ្មានស្លាកលេខ គេចខ្លួនបាត់ស្រមោល ដោយប្រើពេលត្រឹមតែ ៣០វិនាទីតែប៉ុណ្ណោះ។

ទោះបីជាប៉ូលីសអាចដេញតាមចាប់ខ្លួនជនសង្ស័យបាននៅទីក្រុងបាងកក ក្នុងថ្ងៃដដែលក៏ដោយ ប៉ុន្តែសំណួរជាច្រើនត្រូវបានចោទសួរទៅកាន់រដ្ឋាភិបាលថៃថា តើច្បាប់អន្ដោរប្រវេសន៍នៅឯណា ហេតុអ្វីបានជាបណ្ដោយឱ្យមានជនបរទេសប្រព្រឹត្តទង្វើខុសច្បាប់លើទឹកដីខ្លួនបាន? នេះមិនរាប់ករណីធំៗដូចជា ស្កេម ល្បែងអនឡាញ ភ្នាល់បាល់ និងល្បែងខុសច្បាប់ផ្សេងៗដែលមានជនបរទេសនៅពីក្រោយនោះផង។

ត្រលប់មកករណីចូលលួចប្លន់ក្នុងហាងមាសនេះវិញ ជនសង្ស័យទាំង ២នាក់ បានចូលមកថៃក្នុងនាមជាអ្នកទេសចរ ប៉ុន្តែបែរជាមកធ្វើជាចោរប្លន់យ៉ាងងាយ តើពួកគេនាំចូលអាវុធមកតាមជើងហោះហើរ ឬមួយក៏ពួកគេមកបញ្ជាទិញអាវុធ ឬកាំភ្លើងក្នុងដីថៃបានដោយសេរី ព្រោះប្រទេសនេះក៏ជាទីតាំងឆ្លងកាត់សម្រាប់ការរត់ពន្ធអាវុធ គ្រឿងញៀនខុសច្បាប់ពីប្រទេសមីយ៉ាន់ម៉ា យ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយធ្លាប់មានការចាប់បាននិងយកមកផ្សព្វផ្សាយ៉ាងគគ្រឹកគគ្រេងដែរ។
ត្រឹមតែប៉ុណ្ណោះក៏អាចបង្ហាញថា ប្រព័ន្ធត្រួតពិនិត្យលើជនបរទេសចូលមកប្រទេសថៃ ហាក់មានចន្លោះប្រហោង និងធូររលុង បើកដៃឱ្យជនខិលខូចអាចចូលមកធ្វើសកម្មភាពទុច្ចរិតបានយ៉ាងងាយស្រួលបំផុត។

ជាការចាប់អារម្មណ៍ការដែលជនបរទេសអាចជួលរថយន្ត ជិះដើរប្លន់ដោយគ្មានស្លាកលេខ ហើយធ្វើដំណើរឆ្លងខេត្តបានយ៉ាងរលូន តាំងពីកូរ៉ាត រហូតដល់ទៅដល់បាងកក ទើបចាប់បាន គឺជារឿងដែលគួរឱ្យបារម្ភបំផុតសម្រាប់ប្រជាពលរដ្ឋថៃ និងអ្នកទេសចរដទៃទៀត។

យោងតាមចម្លើយសារភាព គឺប្រៀបដូចជាជនជាតិថៃខ្លួនឯងចូលរួមដៃផង ព្រោះបើតាមចម្លើយសារភាពរបស់ជនសង្ស័យ ពួកគេទាំងពីរនាក់នោះ បែកគំនិតទៅលួចប្លន់ហាងមាសដោយសារតែអស់លុយចាយនិងផ្ដល់ឱ្យគូស្នេហ៍ស្រីជាជនជាតិថៃ។

ចម្លើយប៉ុណ្ណេះ បានឆ្លុះបញ្ចាំងថា ប្រទេសថៃកំពុងក្លាយជាគោលដៅសម្រាប់អ្នកទេសចរកម្រិតទាប ដែលគ្មានគម្រោងចំណាយច្បាស់លាស់ ហើយត្រៀមខ្លួនក្លាយជាឧក្រិដ្ឋជនគ្រប់ពេលវេលា ពិសេសពួកគេថែមទាំងហ៊ានប្រព្រឹត្តិអំពើល្មើសព្រោះតែដឹងពីកម្សោយនិងភាពធូររលុងនៃការអនុវត្តច្បាប់របស់អាជ្ញាធរថៃលើភ្ញៀវទេសចរបរទេស។ ទោះបីជាមាសត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញ ហើយជនសង្ស័យត្រូវប្រឈមមុខនឹងច្បាប់ ប៉ុន្តែកេរ្តិ៍ឈ្មោះ «ដែនដីសុវត្ថិភាព» របស់ថៃ ត្រូវបានខូចខាតបាត់ទៅហើយ។

ពេលនេះ ពាក្យថា Thailand , Land of Smile ទំនងជាត្រូវបានជំនួសមកវិញជា Thailand , The Land of Scam , Thief and Crime ទៅវិញទេ ព្រោះគ្រប់បណ្ដាញផ្សព្វផ្សាយទាំងព័ត៌មានជាតិ និងបរទេស ច្រើនតែចេញផ្សាយពីដំណឹងអសុវត្ថិភាព អំពើចោរកម្ម ហិង្សា ចោរលួចឆក់ប្លន់ គ្រឿងញៀន អាវុធ និងការចាប់បានសំបុកឆបោកអនឡាញច្រើនស្អេកស្កះនៅពាសពេញទីក្រុងទាំងធំនិងតូចរបស់ប្រទេសថៃ៕

ប្រភព៖ Khaosod English

Share.