ត្បូងឃ្មុំ៖ គម្រោងសាងសង់ផ្លូវកៅស៊ូប្រភេទ DBST លេខ៣៧០ ប្រវែងសរុបជាង ៦,៣០០ម៉ែត្រ ស្ថិតក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កំពុងឈានដល់ដំណាក់កាលចុងក្រោយ ហើយគ្រោងបញ្ចប់ការដ្ឋាននៅដើមខែឧសភា ឆ្នាំ២០២៦ខាងមុខនេះ។


នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ លោក ជា ណារ៉ុន អភិបាលស្រុកអូររាំងឪ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរឃុំ ចុះពិនិត្យដោយផ្ទាល់លើសកម្មភាពស្រោចកៅស៊ូស្រទាប់ទី២ ក្នុងភូមិសាស្ត្រឃុំគងជ័យ ដើម្បីធានាគុណភាពសាងសង់ឱ្យបានរឹងមាំ និងប្រើប្រាស់បានយូរអង្វែង។


គម្រោងនេះ ជាផ្លូវក្រាលកៅស៊ូ ២ស្រទាប់ (DBST) ស្ថិតក្រោមគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានថវិកាហិរញ្ញប្បទានពីធនាគារពិភពលោក តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ (RCIP) ដែលចាប់ផ្តើមសាងសង់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៥ និងប្រើពេល៦ខែ។






ផ្លូវលេខ៣៧០ នេះ ត្រូវបានចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ដែលនឹងជួយសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋមកពីឃុំចំនួន៤ រួមមាន ឃុំគងជ័យ ឃុំទួលសុភី ឃុំចក និងឃុំតំរិល។




ជាមួយគ្នានេះ អាជ្ញាធរស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវ និងជៀសវាងការដឹកទំនិញលើសទម្ងន់ ដើម្បីធានាឱ្យផ្លូវថ្មីនេះប្រើប្រាស់បានយូរអង្វែង៕
អត្ថបទ÷អាចារ្យលាក់






