ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាពេលថ្មីៗនេះបានចេញសេចក្តីប្រកាសឱ្យដឹងពីការបដិសេធទាំងស្រុងចំពោះករណីបុគ្គលឈ្មោះ ឃុន ដេវីត (DEVITH KHUN ) ដែលបានក្លែងបន្លំខ្លួនជាមន្រ្តីរាជការ ក្នុងតួនាទីអគ្គនាយក នៃក្រសួងការបរទេស តាមរយៈបណ្តាញសង្គម។

សកម្មភាពក្លែងបន្លំនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងប្រើប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួនណាមួយ ដែលនាំឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់មន្រ្តីរាជការ ថ្នាក់ដឹកនាំកម្ពុជា ព្រមទាំងក្រសួងការបរទេសទាំងមូល។

ក្រសួងការបរទេស បានបញ្ជាក់យ៉ាងច្បាស់ថា បុគ្គលឈ្មោះ ឃុន ដេវីត ពុំមែនជាមន្រ្តីរាជការ និងពុំមានទំនាក់ទំនងការងារណាមួយជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឡើយ។ ដើម្បីទប់ស្កាត់សកម្មភាពបោកប្រាស់នេះ ក្រសួងការបរទេស បានស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ច ធ្វើការស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះករណីនេះជាបន្ទាន់។

យ៉ាងណាមិញ ក្នុងន័យបង្កើនការការពារនិងស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្រសួងការបរទេស បានអំពាវនាវដល់សាធារណជនទាំងអស់ឱ្យពិនិត្យល្អិតល្អន់ក្នុងការទទួលព័ត៌មានពីបណ្តាញសង្គម កុំជឿទុកចិត្ត ឬផ្ទេរប្រាក់ជូនអ្នកដែលអះអាងថា ជាមន្រ្តីរាជការ ដោយមិនបានផ្ទៀងផ្ទាត់ប្រភពឲ្យបានច្បាស់លាស់។ រាល់ព័ត៌មានផ្លូវការរបស់ក្រសួង នឹងត្រូវផ្សព្វផ្សាយតាមបណ្ដាញផ្លូវការ និងប្រព័ន្ធផ្សព្វផ្សាយស្របច្បាប់តែប៉ុណ្ណោះ៕

Share.