ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២៥ នៅរដ្ឋធានីបានដា ស៊េរីបេហ្កាវ៉ាន់ ប្រទេសប្រ៊ុយណេដារូស្សាឡាម នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម សីហៈស័ក្តិ ភួងកេតកែវ (Sihasak Phuangketkeow) ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសថៃ។


កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅក្នុងបរិយាកាសត្រង់ៗ ដោយភាគីទាំងពីរបានផ្ដោតសំខាន់ទៅលើស្ថានភាពព្រំដែន វិធានការកសាងទំនុកចិត្ត ព្រមទាំងទិដ្ឋភាពទូលំទូលាយនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តគោរពបទឈប់បាញ់ ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងអនុវត្តឱ្យបានពេញលេញនូវសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
តាមការបង្ហោះរបស់ឯកឧត្តម ប្រាក់ សុខុន ក៏បានសង្កត់ធ្ងន់ថា ការសម្រេចឱ្យបាននូវសន្តិភាពយូរអង្វែងរវាងកម្ពុជា-ថៃ ដែលចូលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងតំបន់អាស៊ាន គឺទាមទារនូវការប្ដេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់។


ការជួបទ្វេភាគីលើកនេះ បានបង្ហាញយ៉ាងច្បាស់ពីឆន្ទៈមិនបោះបង់គោលដៅចាស់ និងការបន្តស្វែងរកគ្រប់យុទ្ធសាស្ត្រទាំងអស់ ដើម្បីនាំយកភាគីថៃចូលមកតុចរចាប្រកបដោយស្មារតីស្ថាបនា សំដៅពង្រឹងទំនាក់ទំនងជាអ្នកជិតខាងល្អ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅតាមបណ្ដោយព្រំដែន៕

