ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរសម្នាក់ ដែលត្រូវបានសមត្ថកិច្ចកំណត់ថា ជាអ្នករៀបចំ និងដឹកនាំការតវ៉ា រហូតដល់បិទផ្លូវសាធារណៈ នៅមុខធនាគារជាតិកម្ពុជា ពាក់ព័ន្ធក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) បង្កឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។


ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នៅមុខធនាគារជាតិកម្ពុជា តាមបណ្តោយផ្លូវហាណូយ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់ពីមានមនុស្សជាច្រើន រួមមានទាំងជនជាតិចិន និងខ្មែរ ដោយអះអាងខ្លួនជាអតីតអតិថិជនរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ (Huione Pay) បានមកប្រមូលផ្តុំគ្នា ក្នុងគោលបំណងស្វែងរកអន្តរាគមន៍ពីធនាគារជាតិក្នុងការទាមទារយកប្រាក់ដែលពួកគេបានបាត់បង់ត្រឡប់មកវិញ។ហើយអំឡុងពេលតវ៉ានោះ បានកើតមានការប៉ះទង្គិចគ្នារវាងកម្លាំងសន្តិសុខ និងក្រុមអ្នកតវ៉ា បណ្តាលឲ្យមានអ្នករងរបួសទាំងសងខាង។




ជុំវិញករណីខាងលើ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្រោយការស្រាវជ្រាវ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួនបុរសម្នាក់ ដែលជាមេក្លោងរៀបចំផែនការ និងដឹកនាំការប្រមូលផ្តុំ ខណៈកម្មករជាច្រើនមិនបានដឹងពីអ្នកនៅពីក្រោយឡើយ។




បុរសដែលត្រូវឃាត់ខ្លួនមានឈ្មោះ សួន សុវណ្ណឆ័យ ជាជនជាតិខ្មែរ និងចេះភាសាចិនយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងសួរនាំបុគ្គលរូបនេះ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ នៅទីតាំងដដែលនេះ ក៏ធ្លាប់មានការតវ៉ា និងការបិទផ្លូវជាបណ្តោះអាសន្នម្តងរួចមកហើយ ដែលបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរ។ កាលនោះ កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខបានចុះសម្របសម្រួលឱ្យបើកផ្លូវឡើងវិញដោយសន្តិវិធី និងមិនមានហិង្សាកើតឡើងដូចលើកនេះឡើយ។


យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា អតីតគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ ម.ក ទទួលបានអាជ្ញាបណ្ណកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ដើម្បីធ្វើប្រតិបត្តិការទូទាត់សងប្រាក់ ប៉ុន្តែមិនមានសិទ្ធិទទួលប្រាក់បញ្ញើ ឬផ្តល់ឥណទានដូចធនាគារឡើយ។ ដោយសាររកឃើញថា ប្រតិបត្តិការរបស់ក្រុមហ៊ុននេះពុំអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ធនាគារជាតិបានសម្រេចដកហូតអាជ្ញាបណ្ណកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤។
ក្រោយការដកអាជ្ញាបណ្ណ អាជ្ញាធរបានប្រគល់សិទ្ធិឱ្យក្រុមហ៊ុន រីចឆ៍ & ផាតនើ (Rich & Partners) អនុវត្តនីតិវិធីជម្រះបញ្ជី។ ក្រុមហ៊ុនបានប្រកាសឱ្យម្ចាស់បំណុលដាក់ពាក្យស្នើសុំទូទាត់បំណុលចំនួន ២ លើក (លើកទី១ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ និងលើកទី២ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥)។ រហូតដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុន ហួយវ័ន ផេ ត្រូវបានលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្មជាស្ថាពរ។
ទោះជាយ៉ាងណា នៅតែមានបុគ្គលមួយចំនួនអះអាងថាខ្លួនជាម្ចាស់បំណុលដែលមិនទាន់ទទួលបានសំណង។ ដើម្បីការពារផលប្រយោជន៍អតិថិជន ធនាគារជាតិបានអញ្ជើញពួកគេឱ្យមកបញ្ជាក់អត្តសញ្ញាណកាលពីថ្ងៃទី៨ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ ជាលទ្ធផល មានអ្នកចុះឈ្មោះចំនួន ១,២៩៧ នាក់ ដែលមានទឹកប្រាក់សរុបប្រមាណ ៣១ លានដុល្លារអាមេរិក និង ២០ លានជាទម្រង់ USDT (គ្រីបតូ)។
ក្រោយពីការពិនិត្យផ្ទៀងផ្ទាត់ផ្នែកច្បាប់យ៉ាងល្អិតល្អន់ជាមួយអន្តរក្រសួង (ក្រសួងយុត្តិធម៌, សេដ្ឋកិច្ច, មហាផ្ទៃ និងគណៈកម្មការប្រយុទ្ធប្រឆាំងការបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា) ធនាគារជាតិបានសន្និដ្ឋានថា ឯកសារដែលទទួលបាន ពុំមានមូលដ្ឋានគតិយុត្តិគ្រប់គ្រាន់ ដើម្បីកំណត់ភាពជាម្ចាស់បំណុលឡើយ។
ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងចុងក្រោយថា រាល់ការអះអាងជាម្ចាស់បំណុលក្រោយពេលក្រុមហ៊ុនត្រូវបានរំលាយចោល គឺមិនស្ថិតក្រោមសមត្ថកិច្ចរបស់ធនាគារជាតិទៀតឡើយ។ បុគ្គលដែលមានបំណងបន្តទាមទារ អាចស្វែងរកដំណោះស្រាយតាមយន្តការតុលាការ និងច្បាប់ជាធរមាន៕


អត្ថបទ÷កណ្តាល

