កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ នៅឃុំផ្លូវទូក ស្រុកកំពង់លែង។

ដំណើរចុះសួរសុខទុក្ខនេះ ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានកិត្តិយសសាខា រួមជាមួយថ្នាក់ដឹកនាំ និងសមាជិកសាខាជាច្រើនរូប បានចុះជួបប្រជាពលរដ្ឋចំនួន ១០៧គ្រួសារ ដែលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំផ្ទះ និងរបើកដំបូល ព្រមទាំងគ្រួសារក្រីក្រដែលកំពុងជួបការលំបាក។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំបាននាំយកសារសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយមិនទុកឱ្យនរណាម្នាក់នៅក្រោយឡើយ។ ជាមួយគ្នានេះ ក៏បានសម្តែងការសោកស្តាយចំពោះគ្រោះធម្មជាតិដែលបានកើតឡើង និងអំពាវនាវឱ្យប្រជាពលរដ្ឋថែរក្សាសុខភាព ដោយអនុវត្តអនាម័យដូចជា ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

ជាការជួយសម្រាលទុក្ខលំបាក សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានចែកជូនអំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះ ដែលរួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ព្រមទាំងស័ង្កសី និងថវិកាមួយចំនួន សម្រាប់គ្រួសារដែលផ្ទះរលំ ឬរបើកដំបូល។ ចំណែកគ្រួសារក្រីក្រ ក៏ទទួលបានអំណោយស្បៀងអាហារ និងថវិកាសម្រាប់ជួយសម្រួលជីវភាពផងដែរ។

ក្រៅពីនេះ សាខាក៏បានប្រគេនទេយ្យទានដល់ព្រះសង្ឃគង់នៅវត្តថ្នល់ឈើទាល រួមមានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងបច្ច័យ ដើម្បីជួយគាំទ្រការរស់នៅប្រចាំថ្ងៃរបស់ព្រះសង្ឃ។ សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ និងភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសង្គ្រោះ និងគាំទ្រប្រជាពលរដ្ឋដែលរងគ្រោះឱ្យអាចឆ្លងកាត់វិបត្តិនេះបានដោយមានសេចក្តីសង្ឃឹម៕

អត្ថបទ៖ កាកបាទក្រហម

Share.