ហ្សាកាតា៖ ចំនួនអ្នកបាត់បង់ជីវិតក្នុងសោកនាដកម្មរថភ្លើងបុកគ្នាយ៉ាងពេញទំហឹងនៅជាយរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី បានកើនឡើងដល់ ១៤នាក់ និងមនុស្ស ៨៤នាក់ផ្សេងទៀតបានរងរបួស។ នេះបើយោងតាមការបញ្ជាក់ពីប្រតិបត្តិកររថភ្លើងនៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ក្នុងខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងប្រជែងនឹងពេលវេលា ដើម្បីទាញយកអ្នករស់រានមានជីវិតដែលនៅជាប់គាំងក្នុងគំនរកម្ទេចដែក។

ហេតុការណ៍នេះបានកើតឡើងនៅតំបន់ Bekasi ជាយក្រុងហ្សាកាតា កាលពីយប់ថ្ងៃចន្ទ។ លោកស្រី Anna Purba អ្នកនាំពាក្យក្រុមហ៊ុនរថភ្លើងរដ្ឋ KAI បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា ក្រុមសង្គ្រោះកំពុងខិតខំយ៉ាងខ្លាំងដើម្បីជួយសង្គ្រោះមនុស្សដែលនៅរស់រានមានជីវិត។

តាមសេចក្តីរាយការណ៍បឋម គ្រោះថ្នាក់នេះបានផ្ដើមចេញពីការប៉ះទង្គិចគ្នារវាងរថយន្តតាក់ស៊ី មួយគ្រឿង ជាមួយរថភ្លើងដឹកអ្នកដំណើរក្នុងក្រុងមួយគ្រឿង នៅត្រង់ចំណុចផ្លូវឆ្លងកាត់ បណ្តាលឱ្យរថភ្លើងនោះគាំងជាប់នៅលើផ្លូវដែក។ ភ្លាមៗនោះ រថភ្លើងផ្លូវឆ្ងាយមួយខ្សែទៀតបានមកបុកចំទូកាត់ចុងក្រោយគេ (ដែលជាទូសម្រាប់តែស្ត្រីជិះ) យ៉ាងពេញទំហឹងតែម្តង។

ស្នងការប៉ូលីសក្រុងហ្សាកាតា លោក Asep Edi Suheri បានបញ្ជាក់ថា ជនរងគ្រោះទាំងអស់ គឺជាអ្នកដំណើរនៅលើរថភ្លើងក្នុងក្រុង។ ដោយឡែក អ្នកដំណើរជាង ២៤០នាក់នៅលើរថភ្លើងផ្លូវឆ្ងាយ ពុំមាននរណាម្នាក់រងគ្រោះថ្នាក់ឡើយ និងត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។

ជាមួយគ្នា អនុប្រធានសភាឥណ្ឌូណេស៊ី លោក Sufmi Dasco Ahmad ដែលបានចុះផ្ទាល់ដល់កន្លែងកើតហេតុ បានបង្ហាញក្ដីបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើងបន្ថែមទៀត ដោយសារទំហំនៃការខូចខាតធ្ងន់ធ្ងរ និងដំណើរការសង្គ្រោះកំពុងជួបការលំបាក។

គួររំលឹកថា គ្រោះថ្នាក់ចរាចរណ៍លើវិស័យដឹកជញ្ជូន ជារឿយៗតែងតែកើតមាននៅក្នុងប្រទេសឥណ្ឌូណេស៊ី។ កត្តានេះត្រូវបានគេមើលឃើញថា បណ្តាលមកពីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាមធ្យោបាយធ្វើដំណើរ (ឡានក្រុង រថភ្លើង និងយន្តហោះ) មានសភាពចាស់ទ្រុឌទ្រោម និងកង្វះខាតការត្រួតពិនិត្យបច្ចេកទេសឱ្យបានដិតដល់។ កាលពីខែមករា ឆ្នាំ២០២៤ កន្លងទៅ គ្រោះថ្នាក់រថភ្លើងស្រដៀងគ្នានេះ ក៏បានសម្លាប់មនុស្ស ៤នាក់ផងដែរ នៅក្នុងខេត្តជ្វាខាងលិច (West Java)៕

ប្រភព៖ CNA

Share.