កណ្តាល៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន ៥ខ្នង ស្ថិតនៅភូមិកប៉ាល់គឿង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល កាលពីវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បង្កការខូចខាតទ្រព្យសម្បត្តិយ៉ាងច្រើន ប៉ុន្តែមិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ។




ក្រោយទទួលព័ត៌មានភ្លាម គណៈបញ្ជាការឯកភាពក្រុងសំពៅពូន ដឹកនាំដោយលោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន និងលោកវរសេនីយ៍ឯក ឈុន ជឺឈួន អធិការនគរបាលក្រុងសំពៅពូន បានចាត់កម្លាំងអន្តរាគមន៍ ចុះជួយពន្លត់ភ្លើងភ្លាមៗ។
ប្រតិបត្តិការនេះ បានប្រើរថយន្តពន្លត់អគ្គីភ័យសរុប ៥គ្រឿង មកពីក្រុងសំពៅពូន ស្រុកកោះធំ ស្រុកស្អាង វរៈសេនាតូចការពារព្រំដែនគោកលេខ៦០៥ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយប្រើទឹកអស់ចំនួន ៣៥រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍ និងរលត់ជាស្ថាពរ នៅវេលាម៉ោង ១៩:០០នាទី។




សមត្ថកិច្ចបញ្ជាក់ថា ផ្ទះចំនួន៣ខ្នង ត្រូវភ្លើងឆេះខូចខាតទាំងស្រុង ខណៈ២ខ្នងទៀត រងការខូចខាតមួយផ្នែក។ទ្រព្យសម្បត្តិដែលរងការខូចខាតមានដូចជា រថយន្ត ម៉ូតូ ម៉ាស៊ីនត្រជាក់ ទូទឹកកក ម៉ាស៊ីនបោកខោអាវ ប្រាក់សុទ្ធ និងសម្ភារៈប្រើប្រាស់ជាច្រើន។ ចំពោះមូលហេតុនៃអគ្គីភ័យនេះ សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវរកមូលហេតុពិតប្រាកដ៕



អត្ថបទ៖កណ្តាល

