តាមក្រសួងកសិកម្មបានឱ្យដឹងថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ ឈូក បានទទួលជើងសិប្បនិម្មិតថ្មីចំនួន ១គ្រឿង ដែលជាព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។


ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ២ ០០០ ដុល្លារ ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីផលិតជើងសិប្បនិម្មិតនេះឡើង សម្រាប់ជួយសម្រួលដល់ការដើររបស់ឈូកឱ្យកាន់តែប្រសើរ។
ឈូក ពីកូនដំរីដែលស្ទើរតែបាត់បង់ជីវិតដោយសារអន្ទាក់ក្នុងព្រៃជ្រៅ កាលពីឆ្នាំ២០០៧ មកជាដំរីដ៏រឹងមាំ។ ជិត ២០ឆ្នាំកន្លងផុតទៅដំរី “ឈូក” មិនត្រឹមតែរស់រានមានជីវិតក្នុងទឹកដីនៃឧទ្យានសួនសត្វភ្នំតាម៉ៅប៉ុណ្ណោះទេ ប៉ុន្តែថ្ងៃនេះ ឈូកមានស្នាមញញឹម និងសេចក្តីសុខជាថ្មី ជាមួយជើងសិប្បនិម្មិតថ្មីស្រឡាងផងដែរ៕

