ពោធិ៍សាត់ះ បង្គោលចំនួន 200 ដើមត្រូវបានមន្ត្រីជំនាញដឹកនាំដោយលោកភុនសុវណ្ណា នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់យកទៅបោះជ្រុំបន្ថែមធ្វើជាជម្រកត្រីបង្កើនកិច្ចការពារពូជមច្ឆជាតិឱ្យមាននិរន្តរភាពនៅកន្លែងអភិរក្សជលផលកំពុងប្រាក់ក្នុងស្រុកក្រគរ ថ្ងៃទី 27 ខែមេសាឆ្នាំ 2026នេះ។

លោកភុនសុវណ្ណា នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់បញ្ជាក់ឲ្យដឹងថា ដើម្បីធានាពូជមច្ឆជាតិយើងមាននិរន្តរភាពនិងកាន់តែសម្បូរឡើងជាលំដាប់ ក្រៅពីកងកម្លាំងសហការយកចិត្តទុកដាក់ការពារនៅឡូអភិរក្សនីមួយៗ គឺយើងបានធ្វើមធ្យោបាយទម្លាក់លូ បោះបង្គោលជ្រុំជាបន្តបន្ទាប់ និងបោះបង្គោលកំណត់ព្រុំច្បាស់លាស់ក្រោមការយកចិត្តទុកដាក់ពីសំណាក់មន្ទីរកសិកម្ម រដ្ឋបាលជលផលកម្ពុជា ក្រសួងកសិកម្ម មន្ត្រីខណ្ឌ ផ្នែក សង្កាត់ សហគមន៍ អាជ្ញាធរមូលដ្ឋាន រួមនិងកម្លាំងសហការពាក់ព័ន្ធទាំងអស់។

លើសពីនេះទៀត ក្រោមការយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រ ទាំងផ្នែកសម្ភារៈ ថវិកានិងស្មារតី ជាច្រើនបន្តបន្ទាប់ ដូចជាជួយផ្គត់ផ្គង់ជាគ្រឿងឧបភោគបរិភោគ  សម្ភារៈប្រើប្រាស់ផ្សេងៗ រួមនិងថវិកា ដល់កងកម្លាំងជាមួយនឹងជួយបំពាក់ភ្លើងសូឡាបំភ្លឺបង្ហាញព្រុំឡូអភិរក្សឱ្យបងប្អូនប្រជាពលរដ្ឋដឹងនៅពេលយប់ពីសំណាក់ឯកឧត្តមខូយរីដា អភិបាលខេត្តពោធិ៍សាត់ សំដៅធ្វើយ៉ាងណាឲ្យកិច្ចការពារនិងអភិរក្សធនធានមច្ឆាជាតិយើងទទួលបានលទ្ធផលល្អនិងប្រសិទ្ធភាព។

ដោយឡែកសម្រាប់ការបោះបង្គោលជ្រុំបន្ថែមនៅក្នុងឡូអភិរក្សកំពុងប្រាក់បន្ថែមនៅពេលនេះចំនួន 200 ដើម ក្នុងទំហំ 2 ហិតា ទទួលបានពីនាយកដ្ឋានអភិរក្សជលផលនេះអគ្គនាយកដ្ឋានជលផល ក្រសួងកសិកម្ម ដើម្បីជាជម្រកត្រីផងនិងជាឧបសគ្គចំពោះជនខិលខូចបង្កើនក្នុងកិច្ចការពារពូជមច្ឆាជាតិឱ្យកាន់តែមានប្រសិទ្ធភាព៕

អត្ថបទ÷ពោធិ៍សាត់

Share.