ភ្នំពេញ ៖ កម្មកររោងចក្រជាង៥០០នាក់ បម្រើការងារនៅរោងចក្រ ខេមបូឌា ថេកស្ថាយ វើលវ៉ាយ ភ្នំពេញ អិលធីឌី (Cambodia Textile Worldwide Phnom Penh Ltd) ស្ថិតនៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ផ្ទុះកូដកម្មតវ៉ារឿងប្រាក់ឈ្មួល រហូតដល់នាំគ្នាបិទផ្លូវ កាលពីវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ត្រូវបានអាជ្ញាធរខណ្ឌ ក្រសួងការងារចុះទៅសម្របសម្រួល ។

តាមកម្មករបានឱ្យដឹងថា ភាគូខាងក្រុមហ៊ុនរោងចក្រ ហាក់បីដូចជាពិបាកក្នុងការបើកប្រាក់ឈ្នួលឱ្យកម្មករ ពោលបើកមិនទៀតទាត់ ធ្វើឱ្យកម្មករជួបផលវិបាក សម្រាប់ជីវភាពប្រចាំថ្ងៃ ដោះស្រាយក្នុងគ្រួសារ ចំណាយផ្សេងៗប្រចាំខែ បញ្ហារឿងប្រាក់ឈ្នួលបែបនេះ ទោះជាកម្មករស្នើសុំឱ្យខាងរោងចក្របើកឱ្យទៀតទាត់ក៏ដោយ រហូតមកដល់ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦នេះ កម្មករប្រមាណជាង៥០០នាក់ ផ្ទុះកូដកម្មទាមទារប្រាក់ឈ្នួល រហូតដល់បិទផ្លូវខាងមុខរោងចក្រ ។

កម្មករបានបញ្ជាក់ផងដែរថា ការចេញមកតវ៉ាបិទផ្លូវនេះ គឺធ្វើឡើងក្នុងគោលបំណងស្នើសុំឱ្យភាគីក្រុមហ៊ុនរោងចក្រដោះស្រាយបញ្ហាប្រាក់ឈ្មួល ដែលយឺតយ៉ាវ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគេ ។

ក្រោយពីកម្មកររោងចក្រផ្ទុះកូដកម្ម កម្លាំងអាជ្ញាធរខណ្ឌ ចូលរួមពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ក្រសួងការងារ បានចុះទៅសម្របសម្រួលជាមួយបងប្អូនកម្មករ កម្មការិនី ដែលបានធ្វើបាតុកម្មបិទផ្លូវ រហូតដល់វេលាម៉ោង៨និង៣០នាទីព្រឹកដ្ងៃដដែល ក្រុមកម្មករយល់ព្រមរំសាយបើកផ្លូវឱ្យចរាចរណ៍ឡើងវិញ ហើយទទួលយកដំណោះស្រាយ ជាមួយភាគីក្រុមហ៊ុនរោងចក្រ ដោយមានការចូលរួមពីអាជ្ញាធរ និងក្រសួងការងារ ។

តែលទ្ធផលផ្លែផ្កាយ៉ាងណានោះមិនទាន់ដឹងនៅឡើយ ខណៈដែលក្រសួងការងារ ព្យាយាមសម្របសម្រួលជាមួយក្រុមហ៊ុន ជម្រុញធ្វើយ៉ាងណាបើកប្រាក់ឈ្នួលជូនកម្មករឱ្យបានទៀតទាត់ ៕

Share.