បណ្ដាញសារព័ត៌មានអន្តរជាតិធំៗបានចុះផ្សាយយ៉ាងព្រោងព្រាត ជុំវិញករណីអាជ្ញាធរស្រីលង្កាបានឃាត់ខ្លួនក្រុមព្រះសង្ឃវ័យក្មេងចំនួន ២២អង្គ នៅព្រលានយន្តហោះអន្តរជាតិ Bandaranaike ក្នុងបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន ក្រោយរកឃើញកញ្ឆាទម្ងន់សរុបរហូតដល់ ១១០គីឡូក្រាម។


អ្នកនាំពាក្យគយស្រីលង្កាបានឱ្យដឹងថា ក្រុមព្រះសង្ឃទាំងនោះទើបតែធ្វើដំណើរត្រឡប់មកពីសម្រាកវិស្សមកាលរយៈពេល ៤ថ្ងៃ នៅទីក្រុងបាងកក ប្រទេសថៃ ដោយដំណើរកម្សាន្តទៅកាន់ប្រទេសថៃនេះ ត្រូវបានគេដឹងថា ឧបត្ថម្ភដោយអ្នកជំនួញម្នាក់។ តាមការត្រួតពិនិត្យ ប៉ូលីសបានរកឃើញគ្រឿងញៀនប្រភេទ «Kush» ដែលជាប្រភេទកញ្ឆាខ្លាំង ត្រូវបានលាក់បង្កប់យ៉ាងជិតដិតនៅក្នុងវ៉ាលិស។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា៖ «ព្រះសង្ឃដែលត្រូវបានឃាត់ខ្លួនភាគច្រើនគឺជាសង្ឃវ័យក្មេងដែលជានិស្សិតមកពីវត្តអារាមនានានៅទូទាំងប្រទេសស្រីលង្កា។ ព្រះសង្ឃនីមួយៗបានដាក់តាមខ្លួននូវគ្រឿងញៀនប្រមាណ ៥គីឡូក្រាម ដោយលាក់បង្កប់ក្នុងវ៉ាលិសរបស់ពួកគេ»។ បច្ចុប្បន្ន ក្រុមព្រះសង្ឃទាំងអស់ត្រូវបានបញ្ជូនទៅឱ្យសមត្ថកិច្ច ដើម្បីត្រៀមបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ។
យ៉ាងណាម៉ិញ មន្ត្រីគយបានកត់សម្គាល់ថា នេះគឺជាការរកឃើញគ្រឿងញៀនប្រភេទ «Kush» ក្នុងបរិមាណដ៏ច្រើនបំផុតមិនធ្លាប់មាន នៅឯព្រលានយន្តហោះអន្តរជាតិរបស់ប្រទេសក្នុងតំបន់អាស៊ីខាងត្បូងមួយនេះ។

គួររំលឹកផងដែរថា កាលពីខែឧសភា ឆ្នាំមុន ស្ត្រីជនជាតិអង់គ្លេសអាយុ ២១ឆ្នាំម្នាក់ ក៏ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះដដែលនេះ ជាមួយនឹងគ្រឿងញៀនទម្ងន់ ៤៦គីឡូក្រាម ខណៈដែលរូបនាងធ្វើដំណើរមកពីទីក្រុងបាងកកដូចគ្នា។
បច្ចុប្បន្ន អាជ្ញាធរស្រីលង្កាកំពុងបង្កើនការតាមដាន និងរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំងក្លា បន្ទាប់ពីមានការរកឃើញការរុករកគ្រឿងញៀនហេរ៉ូអ៊ីន និងសារធាតុញៀនផ្សេងៗទៀតជាបន្តបន្ទាប់ ដែលត្រូវបានលួចនាំចូលតាមរយៈទូកនេសាទតូចៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

