ខែពិសាខចូលមកដល់ មេឃចាប់ផ្ដើមបង្អុរភ្លៀងធ្លាក់មកជាបន្តបន្ទាប់ វាគឺជាសញ្ញាប្រាប់ថា «រដូវវស្សា» បានចូលមកដល់ហើយសម្រាប់កសិករខ្មែរដូចដែលកវីបានឆ្លុះបញ្ចាំងនៅក្នុងបទ ចម្រៀងរបស់លោកកែវ សារ៉ាត់ថា “ពិសាខដើមឆ្នាំខ្មែរតែងចំណាំភ្ជួរស្រែចម្ការ…”។ សម្រាប់កសិករខ្មែរ ពេលនេះគឺជាពេលវេលាដ៏មមាញឹកបំផុតក្នុងការចុះស្រែបង្កបង្កើនផល ប៉ុន្តែនៅពីក្រោយភាពមមាញឹកនេះ បងប្អូនកសិករក៏កំពុងតែមានក្តី កង្វល់ជាច្រើន ដែលជាបន្ទុកដ៏ធ្ងន់លើស្មា។
តាមការពិតទៅកង្វល់របស់កសិករខ្មែរ ត្រូវបានគេមើលឃើញថា មិនមែនជារឿងថ្មីនោះឡើយ គឺបាននិងកំពុងបន្តកើតមានជាច្រើនឆ្នាំមកហើយ។ កង្វល់ទាំងនោះរួមមាន៖
១. បញ្ហាថ្លៃដើមផលិតកម្ម៖ របាំងដ៏ធំសម្រាប់កសិករ
បញ្ហាដែលគួរឱ្យព្រួយបារម្ភបំផុតនៅឆ្នាំនេះ គឺការហក់ឡើងនៃតម្លៃ ប្រេងឥន្ទនៈ។ នៅពេលដែលតម្លៃប្រេងឡើងថ្លៃ វាក៏នាំឱ្យតម្លៃជួលត្រាក់ទ័រភ្ជួររាស់ និងម៉ាស៊ីនបូមទឹកឡើងតាមនោះដែរ។ ទន្ទឹមនឹងនេះ តម្លៃ ជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិត នៅតែបន្តស្ថិតក្នុងតម្លៃខ្ពស់ ដែលធ្វើឱ្យថ្លៃដើមនៃការផលិតស្រូវអាចនឹងកើនឡើងរហូតដល់ចំណុចមួយដែលកសិករស្ទើរតែរកប្រាក់ចំណេញមិនឃើញ។នៅចំពោះមុខស្ថានការណ៍នេះ អាចនឹងធ្វើឲ្យកសិករមួយចំនួនមានចិត្តរារែកស្ទាក់ស្ទើរឬក៏អាចឈានដល់ការបោះបង់ចោលការធ្វើស្រែតែម្តងក៏មាន។
២. បញ្ហាទីផ្សារ និងតម្លៃស្រូវ៖
ជាច្រើនឆ្នាំមកហើយគេកត់សម្គាល់ឃើញថា ទោះបីជាខំប្រឹងបង្កបង្កើនផលយ៉ាងណាក៏ដោយ កង្វល់ដ៏រ៉ាំរ៉ៃរបស់កសិករគឺ «ទីផ្សារស្រូវ»។ នៅពេលប្រមូលផលម្ដងៗ កសិករតែងតែភ័យខ្លាចចំពោះការបង្អាប់ថ្លៃពីសំណាក់ឈ្មួញកណ្ដាល ឬការខ្វះខាតឃ្លាំងស្តុក និងម៉ាស៊ីនសម្ងួត ដែលបង្ខំឱ្យពួកគាត់ត្រូវលក់ស្រូវទាំងសើមក្នុងតម្លៃថោក ដើម្បីបង្កប់សងបំណុលធនាគារ ថ្លៃជីឬក៏ថ្លៃច្រូតស្រូវ។បើត្រូវចំណើយថ្លៃដើមផលិតខ្ពស់ តែបែរជាកសិករត្រូវប្រឈមនឹងកង្វះទីផ្សារឬក៏លក់ស្រូវបានក្នុងតម្លៃទាបពេក តើនឹងធ្វើឲ្យកសិករមានទឹកចិត្តបន្តមុខរបរកសិកម្មដែលមានតជំនាន់រាប់រយឆ្នាំមកហើយនោះ យ៉ាងដូចម្តេច?នេះជាវិញ្ញាសាដ៏ស្មុគស្មាញសម្រាប់មន្ត្រីជំនាញនៃក្រសួងស្ថាប័នពាក់ព័ន្ធត្រូវដោះស្រាយឲ្យបានើដើម្បីសង្គ្រោះនិងលើកទឹកចិត្តដល់កសិករ។
៣. បញ្ហាប្រែប្រួលអាកាសធាតុ
រយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ការប្រែប្រួលអាកាសធាតុធ្វើឱ្យរបាយទឹកភ្លៀងមិនទៀងទាត់។ កសិករខ្លះជួបបញ្ហាខ្វះទឹកនៅដើមរដូវ និងខ្លះទៀតជួបបញ្ហាជំនន់ទឹកភ្លៀងនៅចុងរដូវ ដែលធ្វើឱ្យទិន្នផលស្រូវមិនមានស្ថិរភាព។ ស្ថានភាពបែបនេះនឹងអាចធ្វើឲ្យប៉ះពាល់ដល់បរិមាណស្បៀងបម្រុងប្រចាំឆ្នាំក៏ដូចជាសន្ទស្សន៍តម្លៃស្បៀងប្រចាំឆ្នាំ។ការណ៍នេះ មានន័យថា បើកសិករចួបគ្រោះ នោះអ្នកប្រើប្រាស់ស្បៀងក៏ត្រូវប្រឈមនឹងបញ្ហាដូចគ្នា។
ដើម្បីជួយសម្រាលបន្ទុក និងលើកកម្ពស់ជីវភាពកសិករឱ្យកាន់តែប្រសើរឡើង រាជរដ្ឋាភិបាលពិសេសស្ថាប័នពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល គប្បីដាក់ចេញនូវវិធានាករឆ្លើយតបចំពោះសំណូមពររបស់កសិករមួយចំនួនដូចខាងក្រោម៖
- ការត្រួតពិនិត្យតម្លៃសម្ភារកសិកម្ម៖ កសិករបានសំណូមពរឱ្យរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ជួយអន្តរាគមន៍តាមដាន និងគ្រប់គ្រងតម្លៃជី ថ្នាំកសិកម្ម និងប្រេងឥន្ទនៈ កុំឱ្យឡើងថ្លៃហួសហេតុពេក។ក្នុងន័យនេះ ស្មេរយល់ថា បើសិនជាក្រុមការងារចុះមូលដ្ឋានអាចជួយអន្តរាគមន៍បានជាបន្ទាន់នាពេលនេះកាន់តែប្រសើរព្រោះជាពេលដែលកសិករនៅទូទាំងប្រទេសបានចាប់ផ្តើមភ្ជួរស្រែនិងព្រោះគ្រាប់ស្រូវ។
- ការធានាតម្លៃស្រូវ និងទីផ្សារ៖ បង្កើនយន្តការចុះកិច្ចសន្យាផលិតកម្ម និងជំរុញឱ្យមានការបញ្ចុះតម្លៃអគ្គិសនីសម្រាប់ការបូមទឹកស្រែ ក៏ដូចជាការស្វែងរកទីផ្សារនាំចេញឱ្យបានទូលំទូលាយដើម្បីទប់ទល់នឹងការបង្អាប់ថ្លៃ។
- បច្ចេកទេស និងដើមទុន៖ បន្តផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងផ្តល់ឥណទានកសិកម្មដែលមានអត្រាការប្រាក់ទាប។ការផ្តល់ដើមទុនឬឥណទានសម្រាប់តែម្ចាស់រោងម៉ាស៊ីនកិនស្រូវគឺ មិនទាន់គ្រប់គ្រាន់នោះឡើយ ព្រោះថាកន្លងមកក៏មានគ្រួសារកសិកររាប់រាយពាន់គ្រួសារគ្រួសារបានជំពាក់បំណុលអ្នកចងការឯកជនឬក៏គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅទូទាំងប្រទេសផងដែរ។ កសិករគួរតែត្រូវបានយកចិត្តទុកដាក់មុនគេ ព្រោះថា បើកសិករបាក់ទឹកចិត្តលែងផលិត តើម្ចាស់រោងម៉ាស៊ីននឹងបានអ្វីយកមកកែច្នៃ?
- ប្រព័ន្ធធារាសាស្ត្រ៖ ពង្រឹង និងពង្រីកប្រព័ន្ធប្រឡាយទឹកឱ្យបានកាន់តែទូលំទូលាយ(បែងចែកតាមប្រព័ន្ធប្រឡាយតូចៗ)និងអាចស្រោចស្រពស្រូវស្រែបានគ្រប់រដូវកាល ដើម្បីកាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនបូមទឹកដែលត្រូវចំណាយប្រេងច្រើន។
ជារួមមកវិញ កម្ពុជាគឺជាប្រទេសកសិកម្ម។ក្នុងន័យនេះ កសិករគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាអ្នកធានានូវសន្តិសុខស្បៀង។ ប្រសិនបើកង្វល់លើបញ្ហាថ្លៃដើម និងទីផ្សារត្រូវបានដោះស្រាយដោយប្រសិទ្ធភាព នោះកសិករនឹងមានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការបង្កបង្កើនផល ដែលមិនត្រឹមតែជួយគ្រួសាររបស់ពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនផងដែរ។ក្នុងបរិការណ៍នៃវិបត្តិពិភពលោកបច្ចុប្បន្នមួយអន្លើដោយការបន្តគំរាមឈ្លានពានបូរណភាពទឹកដីនិងដែនអធិបតេយ្យភាពជាតិខ្មែរពីសំណាក់កងទ័ពថៃ ការលើកទឹកចិត្តនិងពង្រឹងសមត្ថភាពរបស់កសិករខ្មែរគឺជារឿងដែលរាជរដ្ឋាភិបាល ពិសេសស្ថាប័នពាក់ព័ន្ធដែលជាសេនាធិការរបស់រាជ រដ្ឋាភិបាលត្រូវផ្តោតការយកចិត្តទុកដាក់និងដាក់ចេញនូវចង្កោមវិធានការជាយុទ្ធសាស្ត្រដែលមានភាពប្រទាក់ក្រឡាជាបន្ទាន់ ក្នុងន័យឆ្លើយតបនឹងសុភាសិតរបស់បុរាណខ្មែរយើងថា “ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ”៕
អត្ថបទ៖ត្រយង
