ការងាកមកចាប់យករបរដាំដំណាំ និងចិញ្ចឹមសត្វចម្រុះតាមបែបធម្មជាតិ មិនត្រឹមតែជួយស្ដារបរិស្ថានដីប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាម៉ាស៊ីនផលិតចំណូលមិនចេះដាច់សម្រាប់គ្រួសារអ្នកស្រី លុយ សាង រហូតមានលទ្ធភាពបញ្ជូនកូនរៀនដល់សាកលវិទ្យាល័យ។

ងើបចេញពីជីវភាពជាកសិករក្រីក្រ គ្រួសារ អ្នកស្រី លុយ សាង អ្នកភូមិជ្រៃខាងត្បូង ឃុំកៀនសង្កែ ស្រុកសូត្រនិគមន៍ ខេត្តសៀមរាប ចាប់ផ្ដើមកសាងជីវភាពឱ្យបានល្អប្រសើរតាមរយៈពិពិធកម្មកសិកម្មលក្ខណៈគ្រួសារក្នុងទម្រង់កសិអេកូឡូស៊ី តាំងពីឆ្នាំ២០១០ ដែលផ្ចុងផ្ដើមដោយគម្រោង GRET។ សូមបញ្ជាក់ថា គម្រោងអង្គការ GRET ទទួលបានការគាំទ្រថវិកាពីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (AFD) និងរដ្ឋបាលខេត្តអូដឺសែនប្រទេសបារាំង (CD92)។
ពិពិធកម្មកសិកម្មលក្ខណៈគ្រួសារ គឺសំដៅដល់ការប្រកបកិច្ចការដាំដំណាំ និងការចិញ្ចឹមសត្វចម្រុះ ដែលអាចឱ្យកសិករប្រមូលផលបានបណ្ដាក់គ្នាជាប្រចាំ និងមានចំណូលមិនចេះដាច់គ្រប់រដូវកាល។ ចំណែកឯកសិអេកូឡូស៊ី គឺជាប្រព័ន្ធផលិតកម្មកសិកម្ម និងស្បៀងអាហារសម្រាប់ទ្រទ្រង់ជីវិតរស់នៅរបស់មនុស្ស និងរក្សាបាននូវគុណភាពបរិស្ថានល្អប្រសើរ។ វាក៏ផ្តល់តម្លៃដល់ជីវចម្រុះ និងដំណើរប្រព្រឹត្តទៅនៃប្រព័ន្ធអេកូឡូស៊ីធម្មជាតិផងដែរ។
តាមបទពិសោធន៍ផ្ទាល់របស់អ្នកស្រី លុយ សាង ការដាំដំណាំ និងការចិញ្ចឹមសត្វចម្រុះ វាមិនគ្រាន់តែផ្ដល់ចំណូលតាមរយៈការប្រមូលផលនោះទេ វាក៏ជួយកាត់បន្ថយការចំណាយលើការទិញជី និងចំណីសត្វយ៉ាងច្រើន។ ការកាត់បន្ថយចំណាយនេះ កើតឡើងដោយសារសំណល់កសិកម្ម ឬផលដំណាំដែលលក់មិនអស់ អាចច្នៃធ្វើជាចំណីសត្វ ហើយលាមកសត្វត្រូវបានយកមកធ្វើជាជីសម្រាប់ដាក់ដំណាំវិញ។ ការប្រើប្រាស់ជីថ្នាំ និងចំណីសត្វធម្មជាតិក្នុងវង្វង់ភូមិឋាននេះ មិនត្រឹមតែសន្សំសំចៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សានិរន្តរភាពដី និងទទួលបានចំណីអាហារដែលមានសុវត្ថិភាពខ្ពស់។
អ្នកស្រី លុយ សាង បានបង្ហើបដោយរីករាយថា តាមរយៈកិច្ចការកសិកម្មសព្វថ្ងៃនេះ ជាមធ្យមគ្រួសារអ្នកស្រីអាចរកចំណូលបានប្រមាណខ្ទង់ ២ លានរៀលក្នុង ១ ខែ។ ចំណូលនេះបានក្លាយជាបង្អែកយ៉ាងរឹងមាំក្នុងការផ្គត់ផ្គង់ជីវភាព ជាពិសេសបានផ្ដល់លទ្ធភាពឱ្យកូនបានបន្តការសិក្សានៅសាកលវិទ្យាល័យទៀតផង។
ផ្អែកលើបទពិសោធន៍ជោគជ័យនេះ អ្នកស្រី លុយ សាង ក៏បានផ្ដាំផ្ញើលើកទឹកចិត្តដល់ប្រជាពលរដ្ឋផ្សេងទៀត ឱ្យងាកមកពិចារណាលើការធ្វើកសិកម្មចម្រុះដែលមានទំនាក់ទំនងគ្នាជាប្រព័ន្ធ។ វិធីសាស្ត្រនេះមិនត្រឹមតែជួយឱ្យជីវភាពល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យកសិករអាចរស់នៅក្បែរជួបជុំគ្រួសារ ដោយមិនចាំបាច់ធ្វើចំណាកស្រុកទៅឆ្ងាយឡើយ៕

