ក្លិបបាល់ទាត់វិសាខា នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទឹក​ដី​វេងស្រេង ដើម្បី​ជួប​អាយអេសអាយ ដង្កោសែនជ័យ នៅ​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ នៃពានរង្វាន់សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ជាតិ លើកទី១៩ ឆ្នាំ២០២៥-២៦ ក្នុង​កីឡដ្ឋាន អាយអេសអាយ ផាក ម៉ោង ៦:០០នាទីល្ងាច។

ក្នុង​ជំនួប​ជើងទី១ កាលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ វិសាខា បាន​យក​ឈ្នះដោយ​លទ្ធផល ៣-០ លើក្រុម អាយ អេស អាយ ដង្កោសែនជ័យ នៅ​ទឹក​ដី​របស់​ខ្លួន ក្នុង​កីឡដ្ឋាន វិសខា។ ៣គ្រាប់​នេះ​បាន​ធ្វើ​អោយ ​វិសាខា ជាក្រុម​ដែល​មាន​ភាគរយ​ខ្ពស់ កក់កៅអី​ទៅកាន់​វគ្គផ្ដាច់​ព្រ័ត្រ​ នៅ​ល្ងាច​នេះ។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦៖

  • ជើងទី១៖ បឹងកេត ប្រកួត​ជាមួយ ព្រះខ័នរាជស្វាយរៀង ម៉ោង ៦:០០ នាទីល្ងាច នៅពហុកីឡដ្ឋានជាតិ អូឡាំពិក
  • ជើងទី២៖ អាយអេសអាយ ដង្កោសែនជ័យ ប្រកួត​ជាមួយ វិសាខា ម៉ោង ៦:០០ នាទីល្ងាច កីឡដ្ឋាន អាយអេសអាយ ផាក

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (ជើងទី២)

  • ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦៖ ព្រះខ័នរាជស្វាយរៀង ប្រកួត​ជាមួយ បឹងកេត  ម៉ោង ៦:០០ នាទីល្ងាច នៅពហុកីឡដ្ឋានជាតិមរតតេជោ

ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៩ ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​២១​ ខែមករា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដោយតម្រូវ​ឱ្យ​ក្រុមទាំង១៦ ​​ប្រកួត​ប៉ះដៃគូចំនួន២ជើង ក្នុងនិងក្រៅដី។ ខណ:​ម្ចាស់​ជើង​ឯក​ឆ្នាំចាស់ ភ្នំពេញ​ក្រោម របូត​ពាន​មួយ​នេះ នៅត្រឹម​វគ្គ ៨ក្រុមចុង​ក្រោយ​ បន្ទាប់​ពី​ចាញ់​ អាយ​អេសអាយ ដង្កោ​សែន​ជ័យ សរុប​ទាំង២ជើង ក្នុង​លទ្ធផល ៤-២។

សម្រាប់​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ ត្រូវ​រៀបចំឡើង​តាំង​ពី​ឆ្នាំ២០១៧ ដែល​ធ្វើ​ឡើង​ជារៀង​រាល់​ឆ្នាំ ដោយ​ព្រះខ័ន​រាជស្វាយរៀង ឈ្នះជើង​ឯក​បាន​ច្រើន​ជាង​គេ ៥លើក ក្រសួង​ការពារជាតិ បាន ៣លើក វិសាខា បាន​ ៣លើក ភ្នំពេញ​ក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

Share.