ក្នុងពេលដែលស្ថិរភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃ កំពុងត្រូវបានគេលើកយកមកពិភាក្សាជាអន្តរជាតិនោះ ទង្វើឈ្លានពាន និងការបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរពីសំណាក់កងទ័ពថៃ កំពុងត្រូវបានលាតត្រដាងជាលំដាប់។ ដំណើរទស្សនកិច្ចលើកទី២ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នេះ ក្រោមការសម្របសម្រួលដ៏ស្វាហាប់របស់ក្រសួងការពារជាតិកម្ពុជា។

ទង្វើកាន់កាប់ដីខុសច្បាប់របស់ថៃត្រូវបានផ្ទៀងផ្ទាត់ដោយផ្ទាល់ភ្នែករួមគ្នារបស់កម្ពុជា និងអនុព័ន្ធយោធាបរទេស។ ក្នុងនោះនៅត្រង់ច្រកជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរក៏ដោយ ក៏កងទ័ពថៃនៅតែបន្តដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស ដើម្បីពង្រឹងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ នេះមិនមែនជារឿងដែលអាចបកស្រាយថា ជាការការពារសន្តិសុខជាតិបានឡើយ ប៉ុន្តែជាសកម្មភាពពង្រឹងការត្រួតត្រាលើទឹកដីអធិបតេយ្យរបស់កម្ពុជាដោយចរិតអាណានិគមនិយមសម័យថ្មី។
ដោយឡែកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធ គឺជាឧក្រិដ្ឋកម្មសង្គ្រាមដែលមិនអាចប្រកែកបាន។ ស្ពានស្ទឹងមេទឹក ដែលស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែន ជាហេដ្ឋារចនាសម្ព័ន្ធបម្រើប្រជាពលរដ្ឋស៊ីវិលសុទ្ធសាធ បានរងការទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំងថៃ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បណ្តាលឱ្យខូចខាតទាំងស្រុង។ ការខូចខាតស្ពាននេះ បានកាត់ផ្តាច់ការធ្វើដំណើរ និងការដឹកជញ្ជូនស្បៀងអាហារ ថ្នាំពេទ្យសម្រាប់ប្រជាពលរដ្ឋស៊ីវិល ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាសន្តិភាពទីក្រុងហ្សឺណែវ។


យ៉ាងណាមិញរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ បានសម្របសម្រួលឱ្យក្រុមអនុព័ន្ធយោធាបរទេសចុះសង្កេតការណ៍នៅតំបន់អូរភ្លុកដំរី ច្រកជ័យជំនះ និងស្ពានស្ទឹងមេទឹក ដែលជាទង្វើបង្ហាញពីភាពស្មោះត្រង់ សុចរិត និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការគោរពកិច្ចព្រមព្រៀង GBC ថ្ងៃទី២៧ ធ្នូ ២០២៥ និងសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៦ តុលា ២០២៥។ ផ្ទុយទៅវិញ ប្រសិនបើថៃគ្មានអ្វីត្រូវបិទបាំង ហេតុអ្វីបានជានៅតែបន្តដាក់ពង្រាយកម្លាំងទ័ព និងរបាំងការពារនៅលើទឹកដីកម្ពុជា?
ជារួមព្រឹត្តិការណ៍នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ គឺជាភស្តុតាងប្រវត្តិសាស្ត្រមួយបញ្ជាក់ថា កម្ពុជាជាជនរងគ្រោះពិតប្រាកដនៃការឈ្លានពាន។ កម្ពុជានៅតែស្វាគមន៍ចំពោះបណ្តាប្រទេសជាមិត្ត ដែលមានបំណងចុះសង្កេតការណ៍ដោយផ្ទាល់ ដើម្បីតាមដានបទឈប់បាញ់ និងធានាបាននូវភាពត្រឹមត្រូវ ជឿទុកចិត្តបាន។ ទន្ទឹមនឹងនេះ កម្ពុជាបានអំពាវនាវដល់សហគមន៍អន្តរជាតិទាំងអស់ កុំបិទភ្នែកនឹងការពិតដ៏ឃោរឃៅនេះ។ ថៃត្រូវតែដកកម្លាំងទ័ព ឧបករណ៍សឹក និងរបាំងនានាចេញពីទឹកដីកម្ពុជាជាបន្ទាន់ ដើម្បីឱ្យសន្តិភាព ស្ថិរភាព និងសុវត្ថិភាពវិលត្រឡប់មកកាន់ប្រជាពលរដ្ឋតាមព្រំដែនទាំងពីរប្រទេសវិញ៕
