ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀតនឹងត្រូវបានចារចូលក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់សហរដ្ឋអាម៉េរិក ដោយលិខិតឆ្លងដែនពិសេស ប្រភេទ Limited-edition (ចំនួនមានកំណត់) ដែលមានរូបថតលោកប្រធានាធិបតី ដូណាល់ ត្រាំ និងហត្ថលេខាមាសរបស់លោក នឹងត្រូវប្រកាសនិងបញ្ចេញជាផ្លូវការដើម្បីអបអរសាទរខួបលើកទី ២៥០ នៃការប្រកាសឯករាជ្យ នាខែកក្កដា ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយដំបូងគេដោយសារព័ត៌មាន Fox News។

ដោយឡែក ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបញ្ជាក់ពីការរចនាលិខិតឆ្លងដែនពិសេសនេះ ទៅកាន់ USA TODAY តាមរយៈអ៊ីមែលកាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៦ (ម៉ោងក្នុងស្រុក)។ នៅក្នុង Email នោះ លោក Tommy Pigott អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា៖ «ក្នុងឱកាសដែលសហរដ្ឋអាមេរិកប្រារព្ធខួបលើកទី ២៥០ នៅក្នុងខែកក្កដាខាងមុខ ក្រសួងការបរទេសកំពុងរៀបចំបោះពុម្ពលិខិតឆ្លងដែនរចនាឡើងជាពិសេសក្នុងចំនួនកំណត់ ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ»។ លោកបានបន្តថា៖ «លិខិតឆ្លងដែនទាំងនេះនឹងមានការរចនាសិល្បៈបែបប្លែកភ្នែក និងរូបភាពដែលត្រូវបានកែលម្អថ្មី ប៉ុន្តែនៅតែរក្សានូវលក្ខណៈសុវត្ថិភាពកម្រិតខ្ពស់ដូចដើម ដែលធ្វើឱ្យលិខិតឆ្លងដែនអាមេរិកក្លាយជាឯកសារដែលមានសុវត្ថិភាពបំផុតក្នុងលោក»។

យោងតាមរូបភាពគំរូ ដែលចេញដោយក្រសួងការបរទេសអាមេរិក នៅក្នុងលិខិតឆ្លងដែនថ្មីនេះ គេឃើញមាន រូបភាពលោក ត្រាំ ព័ទ្ធជុំវិញដោយខ្លឹមសារនៃសេចក្តីប្រកាសឯករាជ្យ និងទង់ជាតិអាមេរិក ព្រមទាំងមានហត្ថលេខាពណ៌មាសរបស់លោកយ៉ាងស្រស់ស្អាតទៀតផង។

លិខិតឆ្លងដែនពិសេសនេះ ត្រូវបានមន្ត្រីរដ្ឋបាលអាមេរិក ឱ្យដឹងថា ប្រជាពលរដ្ឋអាមេរិកគ្រប់រូបអាចដាក់ពាក្យស្នើសុំលិខិតឆ្លងដែនស៊េរីថ្មីនេះបាន ប៉ុន្តែវាមានចំនួនកំណត់ ហើយអាចរកបានតែនៅភ្នាក់ងារលិខិតឆ្លងដែន ក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ីតែមួយប៉ុណ្ណោះ។

ទោះជាលិខិតឆ្លងដែននេះត្រូវបានបញ្ជាក់ថា ធ្វើឡើងក្នុងចំនួនមានកំណត់ ប៉ុន្តែក្រសួងមិនបានបញ្ជាក់អំពីចំនួនពិតប្រាកដ ដែលត្រូវបញ្ចេញនោះទេ គ្រាន់តែបានបញ្ជាក់ថា នឹងមិនមានការគិតថ្លៃបន្ថែម សម្រាប់ការទទួលបានការរចនាថ្មីនេះឡើយ។

សូមជម្រាបថា ការដាក់រូបភាពប្រធានាធិបតីដែលកំពុងកាន់តំណែងនៅលើលិខិតឆ្លងដែន គឺជារឿងដែលមិនធ្លាប់មានទាល់តែសោះ ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។ ជាទូទៅ ឯកសារផ្លូវការនេះតែងតែរក្សាភាពអព្យាក្រឹត ដោយប្រើប្រាស់តែរូបភាពនិមិត្តរូបជាតិ ទេសភាព ឬបុគ្គលសំខាន់ៗ ក្នុងប្រវត្តិសាស្ត្រដែលបានចែកឋានទៅហើយប៉ុណ្ណោះ។ ការសម្រេចចិត្តនេះ ត្រូវបានគេមើលឃើញថា ជាការបំបែកទំនៀមទម្លាប់រាប់រយឆ្នាំ ដើម្បីឆ្លុះបញ្ចាំងពីយុគសម័យថ្មី និងស្មារតីស្នេហាជាតិក្រោមការដឹកនាំរបស់លោក ត្រាំ៕

ប្រភព៖ USA Today

Share.