ខេត្តកំពង់ស្ពឺ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ការកែរសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ ដែលបានរៀបចំនៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។


ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺក៏បានគូសរំលេចអំពីសមិទ្ធផលរបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០២៥ កន្លងទៅនេះ ក្រោមការដឹកនាំរបស់ លោកជំទាវ ម៉េង វ៉ាន់ដានី ប្រធានកិត្តិយសសាខាសមាគមនារី បានចុះសួរសុខទុក្ខ មន្ត្រីរាជការមានជម្ងឺ
ស្ត្រីសម្រាលកូន ចូលរួមក្នុងពិធីបុណ្យសពមន្ត្រីរាជការ វីរកងទ័ព ភរិយាវីរកងទ័ព ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យ គ្រួសារជួបការលំបាក ករណីរំលោភសេពសន្ថវៈ និងគ្រោះមហន្តរាយផ្សេងៗ សរុបចំនួន ១១៧លើក ស្មើនឹង ៤០០គ្រួសារ។
មានប្រសាសន៍ក្នុងពិធីនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំមកនូវប្រសាសន៍សួរសុខទុក្ខដោយក្ដីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជូនចំពោះបងប្អូននារីក្នុងខេត្តកំពង់ស្ពឺ។ ទន្ទឹមជាមួយគ្នានេះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះ លោកជំទាវ ម៉េង វ៉ាន់ដានី ប្រធានកិត្តិយស និងលោកជំទាវ គា សុភូ ប្រធានប្រតិបត្តិ ដែលបានដឹកនាំសកម្មភាពមនុស្សធម៌យ៉ាងសស្រាក់សស្រាំ ពិសេសការជួយដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកនាពេលកន្លងមក និងការងារស្នូលរបស់សាខាសមាគមនារីខេត្តកំពង់ស្ពឺ ក្រោមការជួយឧបត្ថម្ភគាំទ្រ និងការជម្រុញលើកទឹកចិត្តពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាលខេត្តកំពង់ស្ពឺ។


សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា ថ្វីបើវិបត្តិសង្រ្គាមនៅមជ្ឈិមបូព៌ាបានជះឥទ្ធិពលដល់សេដ្ឋកិច្ចសកល ប៉ុន្តែ កម្ពុជាបានមើលឃើញពីឱកាសក្នុងការស្រូបទាញការវិនិយោគលើវិស័យកសិកម្ម និងទេសចរណ៍។ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះ ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល» ដោយកំណត់យក «ស្ត្រីជាស្នូល» ដើម្បីសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាចុងក្រោយ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានផ្តាំផ្ញើដល់ សាខាសមាគមនារី និងអាជ្ញាធរពាក់ព័ន្ធ រួមមាន៖
១.ពង្រឹងសុវត្ថិភាព ភូមិ ឃុំ : បង្ក្រាបបទល្មើស ចោរកម្ម គ្រឿងញៀន ក្មេងទំនើង និងការឆបោកតាមអនឡាញ (Scam Online)។
២.លើកកម្ពស់ស្ត្រី: បណ្តុះបណ្តាលជំនាញឌីជីថល ការពារសិទ្ធិស្ត្រី និងយកចិត្តទុកដាក់លើស្ត្រីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
៣.សាមគ្គីភាពផ្ទៃក្នុង: រក្សារបៀបរបបធ្វើការឱ្យមានប្រសិទ្ធភាព និងចុះមូលដ្ឋានជាប់ជាប្រចាំដូចភ្លៀងរលឹម ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។
៤.ផ្សព្វផ្សាយសមិទ្ធិផលរដ្ឋ: ពន្យល់ឱ្យពលរដ្ឋយល់ដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល
៥.ពង្រឹងសាមគ្គីភាព: រក្សាឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ។
៦.របៀបរបបធ្វើការ: បែងចែកតួនាទី និងទទួលខុសត្រូវឱ្យបានច្បាស់លាស់
៧.គោរពលក្ខន្តិក: អនុវត្តតាមវិន័យសមាគមឱ្យបានខ្ជាប់ខ្ជួន។
៨.បណ្ដុះបណ្តាលសមត្ថភាព: ជំរុញជំនាញបច្ចេកវិទ្យាឌីជីថលដល់ស្ត្រី។
៩.លើកកម្ពស់សីលធម៌: ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីវប្បធម៌អហិង្សាក្នុងគ្រួសារ៕
អត្ថបទ៖ ភ្នាក់ងារខេត្តកណ្ដាល

