កាន់តែពិសេស និងអស្ចារ្យ មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន (Cambodia-China Martial Arts Performance) នឹងសម្តែងរួមគ្នា អំពី​យុទ្ធគុន​ខ្មែរ​បុរាណ និងក្បាច់គុនសៅលីង នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ ពោលគឺ​នៅ​ក្នុង​សប្តាហ៍នេះផ្ទាល់ នៅជិតប្រាសាទបាយ័ន ខេត្តសៀមរាប។

ការរៀបចំថតឯកសារអំពីយុទ្ធគុនខ្មែរបុរាណ និងក្បាច់គុនសៅលីង រួមគ្នានេះគឺធ្វើឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយទៅកាន់​ពិភពលោក ឱ្យបានឈ្វេងយល់ពី យុទ្ធគុនខ្មែរបុរាណរបស់ខ្មែរ និងក្បាច់គុន​សៅលីង​របស់​ចិន នេះបើតាមការបញ្ជាក់ពីឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា និងប្រធាន​សហព័ន្ធ​កីឡាគុន​ល្បុក្កតោ​កម្ពុជា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។

ឯកឧត្តម វ៉ាត់ ចំរើន បានបន្តថា៖ «ក្នុងនាមប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា យើងទទួលបានលិខិតស្នើ​សុំ​ជួយសហការពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ ដោយឯកឧត្តមមានការយកចិត្តទុក​ដាក់​ខ្ពស់​ចំពោះ​យុទ្ធគុនសៅលីង និងយុទ្ធគុនចម្រុះកម្ពុជា។ ដូច្នេះ ក្នុងនាមជាប្រធានសហព័ន្ធ​កីឡាយុទ្ធគុន​ចម្រុះកម្ពុជា និង​ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ផងនោះ ឯកឧត្តមបានត្រៀមលក្ខណៈ​តាមការ​ស្នើសុំនេះរួចរាល់​ហើយ។ កាលពីឆ្នាំមុន ការសម្តែង​ក្បាច់គុនរួមគ្នានៃក្បាច់គុន​ទាំងពីរនេះទទួលបាន​ជោគជ័យ »។

ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា ៖ «យុទ្ធគុនរបស់ប្រទេសនីមួយៗ គឺមានចរិតលក្ខណៈវប្បធម៌ ទេសចរណ៍ និងនយោបាយ ព្រមទាំងការបង្ហាញពីទំនាក់ទំនងល្អរវាងប្រទេសនីមួយៗ ដែលជាមរតកវប្បធម៌នៃប្រទេសនីមួយៗ។ មរតកវប្បធម៌នេះបានស៊ីជម្រៅខ្លាំងសម្រាប់កម្ពុជាយើង ពីព្រោះកម្ពុជាមានអរិយធម៌ខ្ពង់ខ្ពស់រុងរឿង នៅសម័យអង្គរ ក៏អាស្រ័យរឿងយុទ្ធគុននេះដែរ។ អរិយធម៌រុងរឿងខ្ពង់ខ្ពស់នេះ ក៏ដោយសារតែរឿងយុទ្ធគុននេះដែរ។ សម័យនោះ ទាល់តែយុទ្ធគុនយើងខ្លាំង បានយើងរុងរឿងបាន ដែលយើងមានយុទ្ធគុន យុទ្ធមន្ត យុទ្ធសិល្បិ៍ យុទ្ធសាស្ត្រល្អ ទើបយើងអាចរុងរឿងបាន។ ដូច្នេះយើងទាំងអស់គ្នា កុំភ្លេចនូវអ្វីដែលដូនតាយើងបន្សល់ទុកឱ្យរហូតដល់បច្ចុប្បន្ននេះ»។

ជាមួយគ្នានេះ តាមរយៈការសម្តែង «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» (Cambodia-China Martial Arts Performance) ដែលនឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នាបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាបនេះ ជាព្រឹត្តិការណ៍មួយដ៏ល្អ។ ការសម្តែងរួមគ្នានេះ គឺជារឿងល្អមួយ ប៉ុន្តែអ្វីដែលជាអាថ៌កំបាំងនៅពីក្រោនខ្នងនៃការសម្តែងនេះ គឺការត្រៀមថតឯកសារផ្សព្វផ្សាយយុទ្ធគុនទាំងពីរនេះរួមគ្នា។ ការថតឯកសាររួមគ្នានេះនឹងប្រកបដោយភាពទាក់ទាញ និងស្តង់ដា ដែលជារឿងខ្លីមួយ ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោកផងដែរ ដោយយើងគិតថា អាចនឹងផ្ទុះការចាប់អារម្មណ៍ ដោយសារតែយើងត្រៀមធ្វើក្នុងកម្រិតគុណភាពអន្តរជាតិ»។

គួរបញ្ជាក់ថា ក្រោមការរៀបចំរបស់ក្រសួងទេសចរណ៍ «មហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នៅបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប ជាការសម្តែងរួមគ្នាដ៏អស្ចារ្យរវាងក្បាច់គុនបុរាណខ្មែរ អាចរំពឹងថានឹងមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលរួមទស្សនាផ្ទាល់ និងដោយសេរីប្រមាណជាង ១,០០០នាក់៕

 រូបភាព៖ ឃុត សៅ

Share.