រថយន្តដឹកប្រេងចំណុះ ៤០,០០០ លីត្រមួយគ្រឿង បានក្រឡាប់នៅត្រង់ចំណុចផ្លូវកោងក្នុងខេត្តណាន កាលពី ថ្ងៃទី២៧ ខែមេសា ម្សិលម្ងៃ បណ្ដាលឱ្យហៀរប្រេងប្រហែល ៥,០០០ លីត្រទៅលើផ្លូវ មុនពេលមន្ត្រីជំនាញអាចគ្រប់គ្រងការលេចធ្លាយ និងបើកចរាចរណ៍ឡើងវិញ។

តាមសេចក្ដីរាយការណ៍ពីមន្ទីរឃោសនាខេត្តណានរបស់ថៃ បានឱ្យដឹងថា ការិយាល័យថាមពលប្រចាំខេត្តបានទទួលដំណឹងអំពីគ្រោះថ្នាក់នៅម៉ោងប្រមាណ១០ និង៣០នាទីព្រឹក។ តាមរបាយការណ៍បឋមរថយន្តសណ្ដោងស៊ីទែនដឹកប្រេងនេះ កំពុងដឹកជញ្ជូនប្រេងទៅកាន់ប្រទេសឡាវ ប៉ុន្តែបានបាត់បង់ការគ្រប់គ្រងនៅត្រង់ផ្លូវកោង រួចក៏ក្រឡាប់តែម្ដង។ ប្រេងប្រហែល ៥,០០០ លីត្រ ក្នុងចំណោមប្រេងសរុប ៤០,០០០ លីត្រ បានលេចធ្លាយ និងហៀរពាសពេញផ្លូវ។
មន្ត្រីស្រុក និងទីភ្នាក់ងារមូលដ្ឋានបានបិទតំបន់នោះដើម្បីសុវត្ថិភាព និងដើម្បីសម្រួលចរាចរណ៍។ បុគ្គលិកផ្នែកហាយវ៉េនៃស្រុក Thung Chang បានប្រើប្រាស់ម្សៅស្រូបយកជាតិប្រេង ដើម្បីទប់ស្កាត់ការរីករាលដាល និងសម្អាតផ្ទៃផ្លូវ សំដៅកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ជាយថាហេតុផ្សេងទៀត ចំពោះអ្នកធ្វើដំណើរនៅផ្លូវនេះក្រោយៗទៀត។

អ្នកបើកបររថយន្តដឹកប្រេងនេះមានវ័យ ៥២ឆ្នាំ មិនមានរបួសស្នាមអ្វីឡើយ។ យ៉ាងណាមិញករណីគ្រោះថ្នាក់មួយទៀត ដែលកើតឡើងលើរថយន្តដឹកប្រេងដូចគ្នា នៅឯខេត្តឡាំប៉ាង មិនមានសំណាងដូចករណីខាងលើនោះឡើយ ដោយអ្នកបើកបរវ័យចំណាស់ម្នាក់បានបាត់បង់ការគ្រប់គ្រងរថយន្តភីកអាប់ (Pickup) ហើយបានជ្រុលទៅបុកពីក្រោយរថយន្តដឹកប្រេងនៅលើផ្លូវ Phahonyothin បណ្ដាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ និងមានមនុស្សស្លាប់ ២ នាក់ ព្រមទាំងរងរបួស ២ នាក់ទៀតផងដែរ។ បច្ចុប្បន្ន នគរបាលកំពុងធ្វើការស៊ើបអង្កេតដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ៕

