ក្នុងយុទ្ធសាស្ត្រតស៊ូស្វែករកយុត្តិធម៌នៅលើឆាកអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញនូវសកម្មភាពស្របគ្នាយ៉ាងពិតប្រាកដរវាងការទូត និងយោធា។ គឺដូចជាការដើរស្របទន្ទឹមគ្នារបស់មេទ័ពកម្ពុជាទាំងពីរនេះ ដោយម្ខាងពន្យល់ការពិតប្រាប់មិត្តអន្តរជាតិ ម្ខាងទៀតដឹកនាំអនុព័ន្ធយោធាបរទេសទៅឃើញការឈ្លានពានដោយផ្ទាល់ភ្នែក។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប (AEMM) លើកទី២៥ នៅប្រទេសព្រុយណេដារូស្សាឡាម ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានជួបពិភាក្សាជាមួយឥស្សរជនសំខាន់ៗ រួមមាន៖ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសឆែក អនុរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ ព្រមទាំងសមភាគីព្រុយណេ។ ឯកឧត្តមបានលើកឡើងយ៉ាងច្បាស់លាស់អំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ជាពិសេសក្នុងជំនួបទ្វេភាគីជាមួយឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសថៃ លោក សីហៈស័ក្ដិ ភួងកេតកែវ។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវជំហររឹងមាំរបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនតាមរយៈផ្លូវច្បាប់ និងសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានជំរុញឱ្យមានការអនុវត្តឱ្យបានពេញលេញនូវស្មារតីនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដើម្បីប្រែក្លាយតំបន់ព្រំដែនជាតំបន់សន្តិភាព និងអភិវឌ្ឍន៍។
ស្របពេលជាមួយគ្នានោះ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ក្រសួងការពារជាតិកម្ពុជាបានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា ដើម្បីចុះសង្កេតការណ៍នៅតំបន់ចំនួនបី រួមមាន តំបន់អូរភ្លុកដំរី ខេត្តពោធិ៍សាត់ ហើយបន្តចុះទៅច្រកជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ជាតំបន់ដែលកងទ័ពថៃបានកាន់កាប់ដោយខុសច្បាប់ និងបន្តដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស
និងបន្តចុះទៅតំបន់ ស្ពានស្ទឹងមេទឹក ជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសុទ្ធសាធ ដែលស្ថិតនៅចម្ងាយរាប់សិបគីឡូម៉ែត្រពីព្រំដែន ត្រូវបានយន្តហោះចម្បាំងថៃទម្លាក់គ្រាប់បែក បណ្តាលឱ្យដាច់ទាំងស្រុងតាំងពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។
តាមរយៈសកម្មភាពជាក់ស្តែងនេះ កម្ពុជាបានបង្ហាញយ៉ាងច្បាស់ថា កម្ពុជាមានភាពស្មោះត្រង់ មានតម្លាភាព និងផ្អែកលើច្បាប់អន្តរជាតិ។ ការពារជាតិរបស់កម្ពុជា ក្លាហានក្នុងការបញ្ជាក់ការពិត និងបើកចំហចំពោះអនុព័ន្ធយោធាបរទេស ដើម្បីផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែង និងការប្តេជ្ញាចិត្តក្នុងការគោរព និងអនុវត្តសេចក្តីប្រកាសរួម GBC ថ្ងៃទី២៧ ធ្នូ ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ថ្ងៃទី២៦ តុលា ២០២៥ យ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ និងសុចរិតបំផុត។
កម្ពុជា ស្វាគមន៍មិត្តអន្តរជាតិទាំងអស់ ដែលចង់មកពិនិត្យដោយផ្ទាល់នូវការពិតនៅតាមបណ្តោយព្រំដែនកម្ពុជា ហើយកម្ពុជាគ្មានអ្វីត្រូវបិទបាំងក្រៅពីការពិតដែលថា កម្ពុជាជាជនរងគ្រោះពិតប្រាកដនៃការឈ្លានពាន ហើយកម្ពុជាកំពុងប្រើប្រាស់គ្រប់មធ្យោបាយស្របច្បាប់ ដើម្បីការពារបូរណភាពទឹកដី និងសន្តិភាពជូនប្រជាពលរដ្ឋផងដែរ៕

