នាពេលថ្មីៗនេះ ឯកឧត្តម សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជាបេសកជនពិសេសរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអន្តរាគមន៍យ៉ាងមុតស្រួចនៅក្នុងសន្និសីទពិនិត្យឡើងវិញរបស់រដ្ឋភាគីនៃសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ដែលប្រព្រឹត្តទៅនៅទីស្នាក់ការអង្គការសហប្រជាជាតិ។

ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងការប្រកួតប្រជែងយុទ្ធសាស្ត្រកាន់តែខ្លាំង ការប្រណាំងអាវុធរីកដុះដាល និងវិបត្តិពហុភាគីនិយម ឯកឧត្តម សុក ស៊ីផាន់ណា បានលើកឡើងនូវចំណុចសំខាន់ៗចំនួន ៥ ដូចខាងក្រោម៖

ទី១៖ កម្ពុជាបញ្ជាក់ថា NPT ជាមូលដ្ឋានគ្រឹះនៃការរំសាយអាវុធនុយក្លេអ៊ែរសកល។ យើងទាមទារឱ្យរដ្ឋដែលមានអាវុធនុយក្លេអ៊ែរ ដែលមានទំនួលខុសត្រូវពិសេសលើសន្តិសុខអន្តរជាតិ ត្រូវកាត់បន្ថយហានិភ័យនុយក្លេអ៊ែរជាបន្ទាន់ និងបញ្ឈប់រាល់សកម្មភាពបង្កភាពតានតឹង។

ទី២៖ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងដល់សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ (TPNW) ដែលបំពេញបន្ថែម NPT។ យើងត្រៀមខ្លួនសហការជាមួយរដ្ឋភាគីនានា ដើម្បីជំរុញសន្និសីទពិនិត្យឡើងវិញលើកដំបូងរបស់ TPNW ឱ្យទទួលបានជោគជ័យ។

ទី៣៖ កម្ពុជាជំរុញឱ្យរដ្ឋនានាដែលនៅសេសសល់ក្នុងឧបសម្ព័ន្ធទី២ ផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ (CTBT) ជាបន្ទាន់។ ការសាកល្បងនុយក្លេអ៊ែរណាមួយត្រូវតែត្រូវបានថ្កោលទោស និងបញ្ឈប់ទាំងស្រុង។

ទី៤៖ កម្ពុជាប្តេជ្ញាថែរក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ ស្របតាមសន្ធិសញ្ញា SEANWFZ និងធម្មនុញ្ញអាស៊ាន។

ទី៥៖ សិទ្ធិប្រើប្រាស់ថាមពលនុយក្លេអ៊ែរសម្រាប់គោលបំណងសន្តិភាពត្រូវតែគោរព ហើយកម្ពុជាគាំទ្រតួនាទីរបស់ IAEA ក្នុងការជួយប្រទេសកំពុងអភិវឌ្ឍន៍។

ឯកឧត្តម សុក ស៊ីផាន់ណា បានបញ្ជាក់យ៉ាងច្បាស់ថា ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃ NPT គឺអាស្រ័យលើឆន្ទៈរួមរបស់យើងទាំងអស់គ្នា។ សន្និសីទនេះត្រូវតែផ្តល់លទ្ធផលជាក់ស្តែង ពង្រឹងទំនុកចិត្ត និងគណនេយ្យភាព ដើម្បីឆ្ពោះទៅកាន់ពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ៕

Share.