នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានថ្លែងក្នុងទំព័រហ្វេសប៊ុកផ្លូវការថា កងទ័ពថៃបានបាញ់គ្រាប់បែកចង្កោមចូលទៅលើទឹកដីកម្ពុជា ក្នុងបំណងសម្លាប់មនុស្ស និងបង្កអន្ទាក់វិបត្តិសេដ្ឋកិច្ចសង្គម។

ឯកឧត្តម ហេង រតនា បានបញ្ជាក់យ៉ាងច្បាស់ថា ការបាញ់គ្រាប់បែកចង្កោមពីទាហានថៃឈ្លានពាន មកលើគោលដៅភូមិឋាន ស្រែចម្ការប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដើម្បីសម្លាប់មនុស្ស សម្លាប់ភូមិសាស្ត្រ និងជាអន្ទាក់វិបត្តិសេដ្ឋកិច្ចសង្គមចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងនោះ។
ក្នុងពេលនេះ កងកម្លាំង CMAC កំពុងប្រឹងប្រែងបោសសម្អាតគ្រាប់បែកចង្កោមនៅតាមតំបន់សេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋ រួមទាំងចម្ការដំឡូងដែលជិតដល់ពេលប្រមូលផល ដើម្បីរំដោះដី និងការពារជីវិតប្រជាពលរដ្ឋពីគ្រោះថ្នាក់នៃសំណល់យុទ្ធភណ្ឌសង្គ្រាម។

ឯកឧត្តម ហេង រតនា បានអំពាវនាវឱ្យមានការចូលរួមពីគ្រប់ភាគី ដើម្បីបង្ការគ្រោះថ្នាក់ពីសំណល់យុទ្ធភណ្ឌ និងពន្លឿនការរំដោះដីពីផលវិបាកសេដ្ឋកិច្ចសង្គមជូនប្រជាពលរដ្ឋ ឱ្យស្របតាមទស្សនវិស័យ និងវិធានការដឹកនាំរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

