ហេតុការណ៍ដ៏រន្ធត់ដូចក្នុងភាពយន្តបានកើតឡើងនៅលើផ្លូវដ៏មមាញឹកមួយក្នុងក្រុងប៉ាតាយ៉ា នៅពេលដែលគេបានឃើញរូបភាពក្មេងស្រីវ័យ១៧ឆ្នាំម្នាក់ បានធ្លាក់ចេញពីរថយន្តភីកអាប់មួយគ្រឿង ក្រោយព្យាយាមតោងរថយន្តកំពុងធ្វើដំណើរ ក្រោយត្រូវបានគេជួយសង្គ្រោះ នារីរងគ្រោះបានចោទប្រកាន់ថា មានការរំលោភបំពានផ្លូវភេទពីសំណាក់អ្នកបើកបរ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៨:៤៥ នាទីយប់ នៅថ្ងៃអាទិត្យទី២៦ ខែមេសា ឆ្នាំ២០២៦ ។ អ្នកបើកបរម៉ូតូម្នាក់អាយុ ២៣ ឆ្នាំ បានឃើញហេតុការណ៍នេះផ្ទាល់ភ្នែក និងបានថតវីដេអូទុកជាភស្តុតាង ដែលក្រោយមកត្រូវបានចែករំលែកទៅកាន់ភ្នាក់ងារសារព័ត៌មាន។

នៅក្នុងវីដេអូបានបង្ហាញថា ក្មេងស្រីនោះបានតោងនៅផ្នែកខាងឆ្វេងនៃរថយន្តភីកអាប់ដែលកំពុងធ្វើដំណើរ និងបានព្យាយាមគោះរថយន្តជាច្រើនដង ដើម្បីឱ្យអ្នកបើកបរបញ្ឈប់រថយន្ត ប៉ុន្តែអ្នកបើកបរមិនព្រមឈប់ ហើយបន្តបើកទៅមុខទៀត។ អ្នកបើកបរបានបើកបត់ចុះឡើង បណ្ដាលឱ្យក្មេងស្រីនោះធ្លាក់មកលើផ្លូវ រួចក៏បើកគេចខ្លួនបាត់ស្រមោល។ នេះបើតាមសាក្សីដែលបានឃើញហេតុការណ៍បានប្រាប់ដល់អ្នកសារព័ត៌មាន។

ក្មេងស្រីរងគ្រោះមិនប៉ះពាល់ធ្ងន់ធ្ងរឡើយ ដោយរងរបួសស្រាល រួមមានស្នាមឆូត និងស្នាមជាំ។ តាមដឹងរឿងហេតុនេះកើតឡើងដំបូង ក្មេងស្រីបានជួបជាមួយបុរសអាយុ ៣០ ឆ្នាំម្នាក់ កាលពីថ្ងៃទី២៣ ខែមេសា ដែលបានសន្យាថានឹងជួយនាងរកការងារធ្វើ និងបានសុំឱ្យនាងធ្វើដំណើរជាមួយគេ។ នាងបានចោទប្រកាន់ថា ក្រោយមកបុរសនោះបាននាំនាងទៅសណ្ឋាគារមួយក្នុងតំបន់ Soi Nong Prue ជាកន្លែងដែលពួកគេបានរួមភេទជាមួយគ្នា។

បន្ទាប់មក បុរសនោះបាននាំនាងទៅញ៉ាំអាហារនៅហាងសាច់អាំងមួយកន្លែង មុនពេលបើកឡានជុំវិញអាងស្តុកទឹក។ យោងតាមសម្តីរបស់ក្មេងស្រីបានឱ្យដឹងថា បន្ទាប់ពីនាងបានចុះពីលើរថយន្តដើម្បីមើលទេសភាព បុរសនោះក៏បានព្យាយាមបើករថយន្តចាកចេញដើម្បីបោះបង់នាងចោល ទើបបណ្ដាលឱ្យមានហេតុការណ៍តោងរថយន្តនេះកើតឡើង៕

ប្រភព៖ The Thaiger

Share.