ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​១ លោក នុត សវនា បានឱ្យដឹងថា អាជ្ញាធរពន្ធនាគារ កំពុងរៀបចំគម្រោងជាច្រើន ដើម្បីផ្ដល់ចំណេះជំនាញដល់ទណ្ឌិតដែលកំពុងជាប់ឃុំ ដើម្បីឱ្យពួកគេអាចស្ដារនីតិសម្បទារក្រោយបញ្ចប់ការអនុវត្តទោស។ លោកថ្លែងបែបនេះ ស្របពេលដែលជនជាប់ឃុំចំនួន១៤នាក់ បានប្រឡងជាប់ជាស្ថាពរ ពីកម្មវិធីអប់រំកម្រិតមូលដ្ឋានតាមអ៊ិនធឺណិត(BEEP) កម្រិតថ្នាក់ឌីប្លូម។ លោក នុត សវនា ឱ្យដឹងបន្ថែមថា អគ្គនាយកដ្ឋានពន្ធនាគារ កំពុងបណ្ដុះបណ្ដាលជនបង្គោល និងមន្ត្រីជំនាញបន្ថែមទៀត ដើម្បីគ្រប់គ្រង និងពង្រីកវិសាលភាពការងារនេះ ដើម្បីឈានទៅដល់ការអប់រំដល់ជនជាប់ឃុំដទៃទៀតឱ្យបានកាន់តែច្រើន ទាំងចំណេះដឹងទូទៅ ព្រមទាំងការបណ្ដោះណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ផងដែរ។ លើសពីនេះ បើតាមលោក នុត សវនា អាជ្ញាធរពន្ធនាគារក៏កំពុងរៀបចំនូវគម្រោង Half Way House ដោយកសាងមជ្ឈមណ្ឌលមួយសម្រាប់គាំទ្រដល់ការរស់នៅរបស់ជនដែលបញ្ចប់ការអនុវត្តទោស ហើយគ្មានគោលដៅជីវិត ដើម្បីស្រោចស្រង់ពួកគេកុំឱ្យក្លាយជនអណាថា ហើយធ្លាក់ខ្លួនប្រព្រឹត្តបទល្មើសម្ដងទៀត។ សូមស្ដាប់ខ្លឹមសារទាំងស្រុងរបស់លោក នុត សវនា រៀបចំដោយ ឈិន ធារ៉ាត់៖

Share.