ភ្នំពេញ៖ មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានសម្តែងការដឹងគុណចំពោះសប្បុរសជន ដែលបានបន្តជួយឧបត្ថម្ភសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដើម្បីគាំទ្រដល់កងទ័ពគ្រប់កាលៈទេសៈ។




ជំនួសមុខឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ វរសេនីយ៍ឯក អ៊ុយ ណារីន នាយរងសេនាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧកញ៉ា ទៀង ថៃ និងលោកជំទាវ វ៉ាន់ លុយ ដែលបានបន្តឧបត្ថម្ភទឹកសុទ្ធ១០០កេស នំបន្លែ៥កេសធំ កាហ្វេ២កេស ត្រីខ៣កេស ខ្ទឹមបារាំង៣០គីឡូក្រាម ខ្ទឹមស២០គីឡូក្រាម បបរកញ្ចប់៤កេស និងពីដុងទឹក៥០។




ថ្នាក់ដឹកនាំកងពលបានបញ្ជាក់ថា អំណោយទាំងនេះ នឹងត្រូវចាត់ចែងប្រើប្រាស់ក្នុងអង្គភាព និងបន្តនាំយកទៅចែកជូនវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ការឧបត្ថម្ភនេះ ត្រូវបានចាត់ទុកថា ជាការលើកទឹកចិត្តដ៏មានតម្លៃ សម្រាប់យុទ្ធជនដែលកំពុងបំពេញភារកិច្ចការពារជាតិមាតុភូមិ។





