សៀមរាប៖ ជនជាតិចិនចំនួន ១៥៣នាក់ ក្នុងនោះស្រី ២នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងលួចស្នាក់នៅ ព្រមទាំងធ្វើការងារខុសច្បាប់ ត្រូវបានអាជ្ញាធរកម្ពុជាបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅយប់ថ្ងៃទី២៨ ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ តាមរយៈយន្តហោះពិសេស ចេញពីប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្រោមការសម្របសម្រួលរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយស្ថានទូតចិន។

ប្រភពព័ត៌មានបានឱ្យដឹងថា ការបណ្ដេញចេញនេះ គឺជាការអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាប និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងកើតមានក្នុងកម្ពុជា។

អាជ្ញាធរកម្ពុជា ក៏បានបញ្ជាក់ពីការបន្តស្រាវជ្រាវចាប់ខ្លួនមេខ្លោងពាក់ព័ន្ធ និងជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវបានបោកបញ្ឆោតឱ្យចូលរួមក្នុងសកម្មភាពឆបោកអនឡាញផងដែរ៕

អត្ថបទ÷ចតុម្មុខ

Share.