បាត់ដំបង÷ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកសរសើរពីផែនការបោសសម្អាតបទល្មើសឆបោកការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams របស់រដ្ឋាភិបាលកម្ពុជា អនុវត្តទទួលបានជោគជ័យ។

នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងអាជ្ញាធរខេត្តបាត់ដំបង នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម គីម ឆាងយ៉ុង ( KIM CHANGYONG ) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើកឡើងដោយបានកោតសរសើរចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវផែនការក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ( Online Scams ) ដែលកំពុងអនុវត្តទទួលបានជោគជ័យ និងបានបង្ក្រាបលើឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានជាបន្តបន្ទាប់ ខណៈកម្ពុជា និងកូរ៉េខាងត្បូងក៏បានបង្កើតក្រុមការងារចម្រុះមួយដើម្បីប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែននានា រាប់ទាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលបាន នឹងកំពុងប្រតិបត្តិការយ៉ាងជោគជ័យជាទីបំផុត។

ឯកឧត្តមបានបញ្ជាក់ថា÷ ឯកឧត្តមបានមើលឃើញយ៉ាងច្បាស់ពីបញ្ហា និងផលប៉ះពាល់ដែលប្រទេស ក៏ដូចជាប្រជាជនកម្ពុជា បានជួបប្រទះជម្លោះរវាងតំបន់ព្រំដែនជាមួយភាគីថៃ ហើយភាគីកូរ៉េបាននឹងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតហើយនឹងបានខិតខំជួយដល់ប្រជាជនកម្ពុជាផងដែរក្នុងដំណាក់កាលដ៏លំបាកនេះ។

ឆ្លើយតបតាមសំណូមពររបស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា បានបង្ហាញពីការប្ដេជ្ញាចិត្តលើការជួយបណ្ដុះបណ្ដាលផ្នែកការងារដល់យុវជនកម្ពុជា ផ្ដល់ឱកាសការងារសម្រាប់ពលករជំនាញដល់ពលករកម្ពុជាថែមទៀត។ ក្រៅពីនេះក៏បានបង្ហាញលើការងារជំរុញចងសម្ព័ន្ធមេត្រីភាព រវាងខេត្តបាត់ដំបង ជាមួយបណ្ដាក្រុង និងខេត្តនានារបស់កូរ៉េផងដែរ សំដៅរឹតចំណងមេត្រីភាព ពង្រឹងកិច្ចសហប្រតិបត្តិការ បង្កើនភាពស្និទស្នាលឲ្យកាន់តែប្រសើររវាងប្រជាជន នៃប្រទេសទាំងពីរ៕

អត្ថបទ: ដំបងក្រញូង

