ភ្នំពេញ៖ មន្ត្រីក្រសួងបរិស្ថាន និងកម្លាំងពាក់ព័ន្ធ បានធ្វើការល្បាតចំនួន ៨៤លើក និងបង្ក្រាបបទល្មើសធនធានធម្មជាតិបាន ២៧ករណី ក្នុងខែមីនា ឆ្នាំ២០២៦ ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនៅតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ។

ក្រុមការងារគម្រោងកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ រួមមានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បាត់ដំបង កំពង់ស្ពឺ កោះកុង ព្រះសីហនុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ។

ក្នុងចំណោមបទល្មើសទាំង២៧ករណី មានបទល្មើសព្រៃឈើ ១៧ករណី បទល្មើសសត្វព្រៃ ៨ករណី និងករណីទន្ទ្រានដីព្រៃធ្វើជាកម្មសិទ្ធិ ២ករណី។ សមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងរួមមាន កាំភ្លើងកែច្នៃ ៧ដើម អន្ទាក់ ១៧៨ខ្សែ រុះរើជំរុំជនល្មើស ១១តង់ និងលែងសត្វជាប់អន្ទាក់បាន ១ក្បាល។

ក្រៅពីនេះ ក្រុមការងារបានពន្លត់ភ្លើងឆេះព្រៃបាន ០.៣៨ហិកតា និងឃ្លុំដីដែលត្រូវបានកាប់រានទំហំ ១.៨៤ហិកតា។

ក្រសួងបរិស្ថានបានបញ្ជាក់ថា នឹងបន្តពង្រឹងការអនុវត្តច្បាប់ និងបង្កើនសកម្មភាពល្បាតបន្ថែមទៀត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតំបន់ការពារធម្មជាតិឱ្យមានប្រសិទ្ធភាព។

អត្ថបទ÷ត្រយងតូច

Share.