កំពង់ធំ៖ បុរសអ្នកឆក់ត្រីម្នាក់ ត្រូវបានជនមិនស្គាល់មុខប្រើកាំភ្លើងបាញ់សម្លាប់ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅតំបន់វាលក្រោម ក្នុងភូមិសាស្ត្រ​ស្រុកសន្ទុក។

តាមការបញ្ជាក់ពីម្ដាយជនរងគ្រោះ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ កូនប្រុសរបស់គាត់បានចេញពីផ្ទះទៅឆក់ត្រី ដើម្បីរកចំណូលចិញ្ចឹមគ្រួសារ។ លុះដល់វេលាម៉ោងប្រហែល ២ រំលងអាធ្រាត ឈានចូលថ្ងៃទី២៩ ខែមេសា កូនស្រីរបស់គាត់បានទូរសព្ទមកប្រាប់ថា គេឃើញតែទូកនៅចំណុចស្ទឹងមួយ ប៉ុន្តែមិនឃើញម្ចាស់ទូក។

បន្ទាប់មក គ្រួសារបាននាំគ្នាជិះទូកទៅរក ប៉ុន្តែរកមិនឃើញ។ រហូតដល់ម៉ោងប្រហែល ៦:៣០ ព្រឹកថ្ងៃដដែល ទើបប្រទះឃើញសាកសពអណ្ដែតទឹក ហើយនាំគ្នាលើកមកលើទូក។ ពេលពិនិត្យឃើញថា ជនរងគ្រោះត្រូវគ្រាប់កាំភ្លើង ហើយក៏មានសំបកគ្រាប់នៅលើទូកផងដែរ។

ជនរងគ្រោះមានឈ្មោះ ឡុង ថន ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិចំបក់ទួលចាន់ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ គាត់ជាបុរសពោះម៉ាយ មានកូនមួយ និងរស់នៅជាមួយម្ដាយវ័យចំណាស់ ដែលគាត់ជាអ្នករកប្រាក់ចិញ្ចឹមគ្រួសារ។
សមត្ថកិច្ចបានចុះពិនិត្យកន្លែងកើតហេតុ និងបញ្ជាក់ថា ជនរងគ្រោះត្រូវបានបាញ់ចំក្លៀកខាងស្ដាំ ឆ្លងទៅឆ្អឹងជំនីខាងឆ្វេង បណ្ដាលឲ្យស្លាប់ភ្លាមៗ។

ក្នុងថ្ងៃដដែល អាជ្ញាធរស្រុកបានចុះសួរសុខទុក្ខគ្រួសារជនរងគ្រោះ និងនាំយកអំណោយមួយចំនួនទៅជួយផងដែរ។
គួរឲ្យកត់សម្គាល់ថា ប្រជាពលរដ្ឋក្នុងតំបន់បានអះអាងថា នេះជាករណីលើកទី២ហើយ ក្នុងរយៈពេលខ្លី ដែលអ្នកឆក់ត្រីត្រូវបានបាញ់សម្លាប់ ខណៈករណីមុនក៏មិនទាន់រកឃើញជនដៃដល់នៅឡើយ។

ប្រជាពលរដ្ឋ និងគ្រួសារជនរងគ្រោះ បានសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធ ស៊ើបអង្កេតឲ្យបានច្បាស់ និងនាំជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ជូនជនរងគ្រោះ។

Share.