ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពីការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិច (E-Cigarette/Vape) និងផលិតផលអេចជ៍ធីភី (HTPs) នៅក្នុង និងជុំវិញបរិវេណគ្រឹះស្ថានសិក្សា និងទីកន្លែងពាក់ព័ន្ធនានា។


យោងតាមសេចក្តីណែនាំនេះ ការហាមឃាត់ត្រូវអនុវត្តនៅគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ អន្តេវាសិកដ្ឋាន មជ្ឈមណ្ឌលសិក្សាសហគមន៍ ព្រមទាំងទីកន្លែងធ្វើការ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា កន្លែងហ្វឹកហាត់ និងទីកន្លែងប្រកួតកីឡា។
ក្រសួងបានណែនាំឲ្យគ្រប់គ្រឹះស្ថានពាក់ព័ន្ធ ត្រូវចាត់វិធានការយ៉ាងតឹងរឹង ដើម្បីទប់ស្កាត់ និងបញ្ឈប់ការប្រើប្រាស់ផលិតផលខាងលើ ដោយផ្តោតលើការផ្សព្វផ្សាយអប់រំ អំពីគ្រោះថ្នាក់សុខភាព ការត្រួតពិនិត្យ និងការអនុវត្តវិន័យច្បាស់លាស់។


សេចក្តីណែនាំនេះ មានគោលបំណងការពារសុខភាពសិស្ស និស្សិត គ្រូបង្រៀន និងបុគ្គលិក ព្រមទាំងបង្កើនបរិយាកាសសិក្សាឲ្យមានសុវត្ថិភាព និងគ្មានផលប៉ះពាល់ពីបារីអេឡិចត្រូនិច។
ក្រសួងអប់រំ ក៏បានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ និងគ្រប់ភាគី ចូលរួមអនុវត្តសេចក្តីណែនាំនេះឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីការពារយុវជន និងសង្គមទាំងមូល។





