នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ប្រជាជាតិកម្ពុជាទាំងមូលបានរស់នៅក្រោមម្លប់សុខសន្តិភាពពេញលេញជាលើកដំបូងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ នេះហើយអនុត្តរភាពប្រវត្តិសាស្ត្រមួយដែលបានកើតឡើងគឺ កម្ពុជាបានចូលជាសមាជិកទី១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ថ្ងៃនេះ កម្ពុជាបានឈានដល់ខួបលើកទី២៧ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនេះ ដែលបានផ្លាស់ប្តូរទាំងស្រុងនូវទីតាំងភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសយើងនៅលើឆាកអន្តរជាតិ។

ពេលវេលា២៧ឆ្នាំ មិនមែនជារយៈពេលដ៏យូរនោះទេ ប៉ុន្តែសម្រាប់កម្ពុជា វាគឺជាដំណើរឆ្ពោះទៅរកភាពចាស់ទុំ ភាពរឹងមាំ និងភាពជឿជាក់ខាងនយោបាយ។ ក្នុងដំណើរនោះ កម្ពុជាមិនត្រឹមតែជាអ្នកទទួលផលប្រយោជន៍ពីសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប្រែក្លាយខ្លួនជាសសរស្តម្ភដ៏សំខាន់មួយ ដែលចូលរួមយ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ានប្រកបដោយចីរភាព សន្តិភាព និងវិបុលភាព។

ដំបូងឡើយ កម្ពុជាត្រូវបានគេមើលឃើញថាជា កូនទីទៃម្នាក់របស់អាស៊ាន ដែលត្រូវការជំនួយ និងការគាំទ្រយ៉ាងច្រើនក្នុងការកសាងសមត្ថភាព។ ប៉ុន្តែក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត កម្ពុជាបានឆ្លងកាត់វិបត្តិសកល កូវីដ-១៩ និងភាពតានតឹងភូមិសាស្ត្រនយោបាយ ដោយឈានទៅជាអ្នកដឹកនាំមួយក្នុងតំបន់។

យ៉ាងណាមិញក្នុងអំឡុងឆ្នាំប្រធានអាស៊ាន២០២២ កម្ពុជាបានបង្ហាញយ៉ាងច្បាស់ពីភាពចាស់ទុំ និងតួនាទីជាអ្នកសម្រុះសម្រួលប្រកបដោយតុល្យភាព។ កម្ពុជាបានគ្រប់គ្រងទំនាក់ទំនងដ៏ស្មុគស្មាញរវាងមហាអំណាច រក្សាបាននូវមុខតំណែងជាកណ្តាលរបស់អាស៊ាន និងធានាថា សំឡេងរបស់តំបន់នៅតែឮខ្លាំងក្នុងឆាកពិភពលោក។ នេះគឺជាភស្តុតាងដ៏រស់រវើកបំផុតដែលបង្ហាញថា កម្ពុជាលែងជាសមាជិកថ្មីថ្មោងទៀតហើយ ប៉ុន្តែបានក្លាយជាដៃគូស្មើភាព និងជាអ្នកដឹកនាំប្រកបដោយទំនុកចិត្ត។

ក្នុងឱកាសខួប២៧ឆ្នាំនេះ កម្ពុជាមានមោទនភាពចំពោះសមិទ្ធផលសំខាន់ៗមួយចំនួនដូចជា កំណើនសេដ្ឋកិច្ចជាមធ្យមជាង ៧% ក្នុងមួយឆ្នាំ ការនាំចេញទៅកាន់ទីផ្សារអាស៊ាន និងពិភពលោកមានការកើនឡើគួរឱ្យកត់សម្គាល់។
កម្ពុជាបានចូលរួមក្នុងយន្តការសំខាន់ៗដូចជា កិច្ចប្រជុំកំពូលអាស៊ាន អាស៊ាន+៣ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) និងវេទិកាតំបន់អាស៊ាន (ARF)។ ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់បានទទួលឱកាសសិក្សា បណ្តុះបណ្តាល និងធ្វើការនៅក្នុងប្រទេសសមាជិកអាស៊ានដទៃទៀត ជាពិសេសក្រោមកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមក (MRAs)។

ទោះជាយ៉ាងណា កម្ពុជាក៏បានសម្ដែងយ៉ាងស្មោះត្រង់ថា ដំណើរទៅមុខនៅតែពោរពេញទៅដោយបញ្ហាប្រឈម។ គម្លាតនៃការអភិវឌ្ឍរវាងសមាជិកចាស់-ថ្មី បញ្ហាប្រែប្រួលអាកាសធាតុ សន្តិសុខតាមអ៊ីនធឺណិត និងជម្លោះភូមិសាស្ត្រនយោបាយក្នុងតំបន់ នៅតែជាកត្តាដែលត្រូវការការខិតខំប្រឹងប្រែងរួមគ្នាថែមទៀត។ ដើម្បីឆ្ពោះទៅអនាគត កម្ពុជាត្រូវបន្តពង្រឹងកំណែទម្រង់ក្នុងស្រុក លើកកម្ពស់ភាពប្រកួតប្រជែង ជំរុវិស័យឌីជីថល និងសេដ្ឋកិច្ចបៃតង ដើម្បីកុំឲ្យយើងដើរយឺតពេកក្នុងការប្រណាំងអភិវឌ្ឍន៍ក្នុងតំបន់។ យើងក៏ត្រូវបន្តតួនាទីជាស្ពានតភ្ជាប់ និងជាអ្នកកសាងការជឿទុកចិត្ត នៅក្នុងអាស៊ាន។

២៧ឆ្នាំ គឺជាចំណុចចាប់ផ្តើមដ៏ល្អមួយសម្រាប់ដំណើរដ៏វែងឆ្ងាយ ហើយសហគមន៍អាស៊ានកំពុងឈរនៅចំណុចប្រសព្វដ៏សំខាន់មួយនៃប្រវត្តិសាស្ត្រ ហើយកម្ពុជានឹងបន្តដើរយ៉ាងមោះមុតជាមួយសមាជិកដទៃទៀត ដើម្បីសម្រេចចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលមានភាពធន់ ច្នៃប្រឌិត និងផ្តោតលើប្រជាជន។ ខួបលើកទី២៧ នេះ គឺជាឱកាសមួយសម្រាប់កម្ពុជាក្នុងការប្រកាសយ៉ាងក្លៀវក្លាថា កម្ពុជាបានរួមដំណើរគ្នាអស់រយៈពេលជិតបីទសវត្សរ៍ ហើយកម្ពុជានឹងបន្តដើរទៅមុខទៀត ដោយគ្មានការស្ទាក់ស្ទើរ៕

Share.