ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពងខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីព័ត៌មានវិទ្យាសម្រាប់ទទួលពាក្យស្នើសុំ និងផ្ដល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី-ខេត្ត នៅព្រឹកថ្ងៃព្រសហ្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានគូសរំលេចថា “ប្រជាប្រិយភាពនៃសេវាច្រកចេញចូលតែមួយ និងវឌ្ឍនភាពនៃសេវាអន្តោប្រវេសន៍ និងអត្តសញ្ញាណកម្មតាមឌីជីថល បានទាក់ចិត្តប្រទេសទីម័រឡេស្តេ ឲ្យស្នើសុំកិច្ចសហការចែករំលែកបទពិសោធពីក្រសួងមហាផ្ទៃកម្ពុជា” ។

យន្តការច្រកចេញចូលតែមួយ បានក្លាយជាមធ្យោបាយផ្ដល់សេវាដ៏មានប្រជាប្រិយភាពមួយនៅកម្ពុជា ដ្បិតសម្រាប់ពលរដ្ឋ យន្តការនេះបានបញ្ចប់ភាពស្មុគស្មាញនៃនីតិវិធី បញ្ចប់អំពើពុករលួយ កាត់បន្ថយពេលវេលា និងទទួលបាននូវសេវាប្រកបដោយគុណភាព។បច្ចុប្បន្ន សេវាច្រកចេញចូលតែមួយ ពុំមែនមានតែនៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនោះទេ។ មាននៅឃុំ សង្កាត់ជាបន្តបន្ទាប់ ក៏បាននិងកំពុងដំណើរការច្រកចេញចូលតែមួយនេះផងដែរ។

យោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ នៅក្នុងឆ្នាំ២០២៥ អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត បានផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋសរុបចំនួន ៧៨៨ ១១៧សេវា មានការថយចុះ៤% បើធៀបនឹងឆ្នាំ២០២៤ មានសរុបចំនួន ៨១៩ ៣០៦សេវា ហើយការថយចុះនេះ ដោយសារតែការបិទព្រំដែនជាឯកតោភាគីរបស់អាជ្ញាធរថៃ និងសង្រ្គាមឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ជាហេតុនាំឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសថៃមិនអាចផ្ដល់សេវារដ្ឋបាលមួយចំនួនជូនប្រជាពលរដ្ឋបានក្នុងអំឡុងពេលសង្គ្រាមឈ្លានពានរបស់ថៃ។

ទន្ទឹមនេះ បើទោះបីជាចំនួនការផ្តល់សេវាមានការថយចុះក៏ពិតមែន តែសម្រាប់ឆ្នាំ២០២៥ ទទួលបានចំណូលសរុបចំនួន ១៤៦.២៤៤.៣៥០.០៦១រៀល ស្មើនឹង ៣៦.៥៦១.០៨៧ ដុល្លារសហរដ្ឋអាម៉េរិក គឺមានការកើនឡើង២៤% បើធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែចំនួន ១១៧.៣០៧.១០៣.០៧៦រៀល៕

Share.