ឆ្លើយតបទៅកាន់អ្នកសារព័ត៌មាន ជុំវិញជំនួបជាមួយរដ្ឋមន្ត្រីការបរទេសថៃ នៅប្រទេសព្រុយណេ ប្រមុខការទូតកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បញ្ជាក់ថា បើចង់ឱ្យខ្ញុំឈប់លើកឡើងអំពីបញ្ហាដែលថៃគ្រប់គ្រងដោយខុសច្បាប់លើទឹកដីកម្ពុជា លុះត្រាតែយោធាថៃឈប់ប្រព្រឹត្តអំពើខុសច្បាប់មកលើកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាជាមួយ ឯកឧត្តម Sihasak Phuangketkeow ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ ក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប (AEMM) លើកទី២៥ និងបំពេញទស្សនកិច្ចផ្លូវការនៅរាជធានីបង់ដាស៊េរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេដារូស្សាឡាម កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។

យោងតាមសម្រង់ប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលចុះផ្សាយដោយអង្គភាពប្រតិកម្មរហ័សនៃរាជរដ្ឋាភិបាល បានឱ្យដឹងថា៖ ការជួបគ្នានេះ គឺជាការបន្តពីការជួបគ្នាលើកមុនៗ ដើម្បីស្វែងរកវិធីនានាក្នុងការស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យមានប្រក្រតីភាពឡើងវិញ។ ជំនួបលើកនេះ បានផ្តោតទៅលើប្រធានបទទាំងឡាយដែលភាគីទាំងពីរអាចនិយាយត្រូវរូវគ្នា ដើម្បីបន្តកសាងទំនុកចិត្ត និងសម្រេចលទ្ធផលជាក់ស្តែង ក្នុងការឈានទៅកសាងប្រក្រតីភាពក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ចំណុចវិជ្ជមានមួយគឺ យើងមានការតាំងចិត្តដូចគ្នាក្នុងការរក្សាបទឈប់បាញ់ឱ្យបានគង់វង្ស។

ឆ្លើយតបទៅកាន់អ្នកសារព័ត៌មាននៅក្រោយជំនួប ដែលសួរថា តើឯកឧត្តមបានឆ្លើយយ៉ាងណាចំពោះការលើកឡើងថា «បទឈប់បាញ់ គួរដើរទន្ទឹមគ្នាជាមួយនឹងការបញ្ចប់ការថ្លែងការណ៍ ដែលមិនជួយបង្កើតបរិយាកាសវិជ្ជមានក្នុងការស្តារទំនាក់ទំនងឡើងវិញ?» ឯកឧត្តមបានពន្យល់ថា បន្ទាប់ពីមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃនៅតែបន្តកាន់កាប់ដោយខុសច្បាប់នូវតំបន់មួយចំនួនក្នុងទឹកដីកម្ពុជា ដោយកន្លែងខ្លះបិទខ្ទប់ដោយទូកុងតឺន័រ នៅផ្នែកខ្លះនៃភូមិមួយចំនួន និងមិនអនុញ្ញាតឱ្យប្រជាជនកម្ពុជាយើងត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញ។ ប្រការនេះជាអ្វីដែលយើងបានឯកភាពគ្នានៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។”

រាជរដ្ឋាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការតវ៉ាតាមរយៈសេចក្តីថ្លែងការណ៍ កំណត់ទូត និងសុន្ទរកថានានានៅគ្រប់វេទិកាអន្តរជាតិ។ ឯកឧត្តមបានជម្រាបឯកឧត្តម Sihasak ដោយត្រង់ថា៖ កន្លងទៅកម្ពុជាបានអត់ធ្មត់ខ្លាំងណាស់ ដើម្បីថ្នាក់ថ្នមសភាពការណ៍ រក្សាបទឈប់បាញ់ និងរកដំណោះស្រាយដោយសន្តិវិធីជាមួយគ្នា។ ប៉ុន្តែខ្ញុំត្រូវតែនិយាយ ត្រូវតែលើកបញ្ហាទាំងអស់នេះ ព្រោះវាពាក់ព័ន្ធទៅដល់អធិបតេយ្យជាតិ និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។ បើចង់ឱ្យខ្ញុំឈប់លើកអំពីបញ្ហាទាំងអស់នេះគឺមិនពិបាកទេ ឱ្យតែយោធាថៃឈប់ប្រព្រឹត្តអំពើខុសច្បាប់មកលើយើង នោះជាការស្រេចទៅហើយ។

ដោយឡែក ពាក់ព័ន្ធនឹងការបង្ហាញចេតនារបស់រដ្ឋាភិបាលថៃក្នុងការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MoU 2001) ប្រមុខការទូតកម្ពុជាឆ្លើយតបថា កន្លងទៅអ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ចំនួនពីរលើក គឺលើកទី១ នៅថ្ងៃទី០៨ ខែមេសា និងលើកទី២ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយគូសបញ្ជាក់ថា៖

ការចុះហត្ថលេខាលើ MoU 2001 នេះ ឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយពិតប្រាកដ និងបំណងរួមរបស់ប្រទេសកម្ពុជា និងថៃ ក្នុងការអនុវត្តដោយសុចរិតភាពនូវក្របខ័ណ្ឌមួយដែលអាចទទួលយកបានសម្រាប់ភាគីទាំងពីរ ដើម្បីទាញយកផលប្រយោជន៍រួមពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នា (OCA) ក្នុងពេលដំណាលគ្នានោះ ក៏ជំរុញការកំណត់ព្រំដែនសមុទ្រស្របតាមគោលការណ៍ច្បាប់អន្តរជាតិ។ វាជារឿងគួរឱ្យសោកស្តាយបំផុត ប្រសិនបើភាគីថៃសម្រេចដកខ្លួនជាឯកតោភាគីពី MoU 2001 នេះ ដែលជាជំហានមួយងាកចេញពីស្មារតីសហប្រតិបត្តិការ។ ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងមុតមាំ និងឥតងាករេចំពោះទាំងខ្លឹមសារ និងស្មារតីនៃអនុស្សរណៈនេះ។

ជាចុងក្រោយ ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់ពីលទ្ធផលនៃជំនួបទ្វេភាគីថា ភាគីទាំងពីរបានឯកភាពគ្នាធ្វើការគិតគូរដល់ដំណើរទៅមុខ ដោយបន្តពិចារណាអំពីការកសាងផែនទីបង្ហាញផ្លូវមួយ ដើម្បីស្តារឡើងវិញនូវទំនុកចិត្ត និងទំនាក់ទំនងជាមួយគ្នា។ ក្នុងនោះមានការប្តេជ្ញាគោរព និងអនុវត្តបទឈប់បាញ់ និងកិច្ចព្រមព្រៀងនានា ព្រមទាំងបន្តពិភាក្សាដោះស្រាយបញ្ហាព្រំដែនតាមរយៈយន្តការដែលមានស្រាប់ និងការរៀបចំនូវកញ្ចប់វិធានការដើម្បីកសាងទំនុកចិត្ត។ ភាគីទាំងពីរបានឯកភាពគ្នាឱ្យមានការជួបពិភាក្សាគ្នាបន្តទៀត៕

Share.