បន្ទាយមានជ័យ៖ អាជ្ញាធរកម្ពុជា បានបញ្ជូនជនជាតិថៃចំនួន ៦៣៥ នាក់ ត្រឡប់ទៅប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីកម្លាំងចម្រុះបានចុះបង្ក្រាបទីតាំងអនឡាញហ្គេមនៅក្រុងប៉ោយប៉ែត។

ការបញ្ជូននេះធ្វើឡើងជាបន្តបន្ទាប់ ដោយលើកទី១ មានប្រមាណជាង ៣០០ នាក់ ហើយលើកបន្ទាប់នឹងបន្តបញ្ជូនជាង ៣០០ នាក់ទៀត តាមច្រកទ្វារព្រំដែនដែលឈមនឹងច្រកខ្លងឡឹក របស់ប្រទេសថៃ។

គួររំលឹកថា ជនជាតិថៃទាំង ៦៣៥ នាក់នេះ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងអនឡាញហ្គេមមួយកន្លែង ដែលមាន ២ អគារ ស្ថិតនៅក្បែរសាលាព្រហ្មនិមិត្ត ភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

តាមអាជ្ញាធរ ជនទាំងនេះពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ ដែលកំពុងត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការក្ដៅក្នុងការទប់ស្កាត់ និងបង្ក្រាបឲ្យអស់។


បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចនៅតែបន្តប្រតិបត្តិការបង្ក្រាបជាបន្តបន្ទាប់ នៅក្រុងប៉ោយប៉ែត ដោយជនបរទេសជាច្រើន ត្រូវបានឃាត់ខ្លួន និងបណ្តេញចេញពីប្រទេសកម្ពុជា។

Share.