ក្នុងរយៈពេលត្រឹមតែ ៣ខែដើមឆ្នាំ២០២៦ សមត្ថកិច្ចកម្ពុជាបានសម្រេចលទ្ធផលយ៉ាងធំធេងក្នុងការបោសសម្អាតទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន ១២០ទីតាំង ដោយឃាត់ខ្លួនមនុស្សជាង ៦ពាន់នាក់ និងជំរុញឱ្យអត្រាសំណើសុំអន្តរាគមន៍ពីជនបរទេសធ្លាក់ចុះរហូតដល់ ៥០% បើធៀបនឹងឆ្នាំមុន។

ក្នុងត្រីមាសដំបូងនៃឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន ១២០ទីតាំង ក្នុងរាជធានី-ខេត្តចំនួន១៤ ក្នុងនោះរាជធានីភ្នំពេញមាន ៧៧ទីតាំង។ ក្នុងប្រតិបត្តិការបោសសម្អាតបទល្មើស Online Scam រយៈពេល ៣ខែពេញ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សពាក់ព័ន្ធចំនួនជាង ៦,៤២០នាក់ មាន ២៣សញ្ជាតិ និងបានបំពេញនីតិវិធីបណ្ដេញចេញពីកម្ពុជាចំនួន ៥,៥៣២នាក់។ នេះបើយោងតាមរបាយការណ៍ក្រសួងមហាផ្ទៃ ដែលថ្លែងដោយលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

របាយការណ៍ដដែលបានបង្ហាញថា ការងារត្រួតពិនិត្យរដ្ឋបាលបានរកឃើញយ៉ាងហោចណាស់ ១០ទីតាំង ដែលអនុញ្ញាតឱ្យជនបរទេសគ្មានឯកសារត្រឹមត្រូវស្នាក់នៅ ដោយបានចាត់វិធានការពិន័យជាប្រាក់ចាប់ពី ១៨លានរៀល ដល់ ៦៦៨លានរៀល។ ជាមួយគ្នានេះ សមត្ថកិច្ចចំណុះឱ្យក្រសួងមហាផ្ទៃ ក៏បានដាក់គោលដៅត្រួតពិនិត្យតាមដងផ្លូវចំនួន ៩៥គោលដៅ ក្នុងខេត្តចំនួន៨ ដើម្បីទប់ស្កាត់ការជម្លៀសជនសង្ស័យ ដែលជាលទ្ធផលបានត្រួតពិនិត្យ និងឃាត់ខ្លួនមនុស្សជិត ២០០នាក់បន្ថែមទៀត។
អង្គភាពអ្នកនាំពាក្យក្រសួងមហាផ្ទៃកត់សម្គាល់ឃើញថា លទ្ធផលក្នុងត្រីមាសទី១ ឆ្នាំ២០២៦ បង្ហាញឱ្យឃើញនូវសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយចំនួនសំណើសុំអន្តរាគមន៍ពីគ្រប់ប្រភពរបស់ជនបរទេសបានថយចុះយ៉ាងគំហុកដល់ទៅ ៥០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ ចំនួនបុគ្គលដែលបានស្នើសុំអន្តរាគមន៍ផ្ទាល់ក៏បានថយចុះប្រមាណ ៤០% ដែលជានិន្នាការបង្ហាញពីប្រសិទ្ធភាពនៃវិធានការបង្ក្រាប ការបិទទីតាំងកាស៊ីណូ និងកន្លែងសង្ស័យនានា រួមទាំងការឃាត់ខ្លួន និងបណ្ដេញជនបរទេសដែលពាក់ព័ន្ធនឹងបទល្មើសទាំងនេះចេញពីប្រទេស។
លោកបណ្ឌិត ទូច សុឃៈ បានវាយតម្លៃថា សមត្ថភាព និងសកម្មភាពរបស់កម្លាំងអនុវត្តច្បាប់កម្ពុជាកំពុងតែមានភាពស្វាហាប់ និងរឹងមាំជាងមុន ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឌីជីថល ដើម្បីធានាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ៕

