កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម ដឹកនាំដោយលោកស្រី ប៉ាង ដានី អភិបាលរងខេត្ត បានចុះសួរសុខទុក្ខអ្នកស្រី គង់ ស្រីស្រស់ អាយុ៣១ឆ្នាំ ដែលជាភរិយាវីរកងទ័ពជួរមុខ កំពុងឈរជើងការពារបូរណភាពទឹកដីនៅខេត្តព្រះវិហារ បន្ទាប់ពីអ្នកស្រីបានសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។

ក្នុងឱកាសនោះ លោកស្រី ប៉ាង ដានី បាននាំយកបណ្តាំសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ រួមមានឯកឧត្តម អ៊ុន ចាន់ដា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងណែនាំឱ្យយកចិត្តទុកដាក់ជួយគាំទ្រប្រជាពលរដ្ឋ ជាពិសេសគ្រួសារកងទ័ពជួរមុខ និងការថែទាំសុខភាពមាតា និងទារក។

អ្នកស្រី គង់ ស្រីស្រស់ បានសម្រាលកូនប្រុសម្នាក់ដោយវិធីធម្មតា នៅម៉ោង ៦:៤៥នាទី ព្រឹក ដោយទារកមានទម្ងន់ ៣គីឡូក្រាម និងមានសុខភាពល្អទាំងម្តាយនិងកូន ខណៈការព្យាបាល និងសម្រាលកូន ត្រូវបានមន្ទីរពេទ្យបង្អែកខេត្តរ៉ាប់រងទាំងស្រុង។

ជាមួយគ្នានេះ ក្រុមការងារបាននាំយកអំណោយមនុស្សធម៌ជាច្រើន រួមមានអង្ករ ទឹកដោះគោ សម្ភារសម្រាប់មាតា និងទារក គ្រឿងឧបភោគបរិភោគ និងថវិកា សរុបជាច្រើន ដើម្បីជួយសម្រួលជីវភាពក្នុងអំឡុងពេលសម្រាលកូន។

ក្នុងអារម្មណ៍រីករាយ និងកក់ក្តៅ អ្នកស្រី គង់ ស្រីស្រស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ និងមិនទុកប្រជាពលរដ្ឋចោល។

កាកបាទក្រហម

Share.