ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានប្រកាសសាលក្រមផ្តន្ទាទោស លោក គ្រី សីហា អតីតព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ដាក់ពន្ធនាគារ ៩ឆ្នាំ និងពិន័យប្រាក់ ២លានរៀល ពីបទស៊ីសំណូក និងមិនប្រកាសទ្រព្យសម្បត្តិ។

តាមការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោកត្រូវបានចោទថា បានទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះលែងជនសង្ស័យចំនួន ៥នាក់ (ជនជាតិចិន ១នាក់ និងវៀតណាម ៤នាក់) ដែលត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តពោធិ៍សាត់។

ក្រោយរកឃើញភស្តុតាងគ្រប់គ្រាន់ ACU បានឃាត់ខ្លួនលោកនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ហើយបន្តនីតិវិធីរហូតដល់មានការផ្តន្ទាទោស។ មុននេះផងដែរ កើត រិទ្ធ បានសម្រេចផ្អាកមុខងារលោកជាបណ្តោះអាសន្ន ដើម្បីអនុញ្ញាតឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ។ ករណីនេះត្រូវបានអនុវត្តតាមបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានណែនាំឱ្យរឹតបន្តឹងការបង្ក្រាបអំពើពុករលួយ និងបទល្មើស Online Scam៕

