ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម រវាងសហគមន៍កសិករ និងក្រុមហ៊ុនឯកជនធំៗ ដើម្បីធានាទីផ្សារ និងស្ថិរភាពតម្លៃកសិផល។
ពិធីនេះមានការអញ្ជើញចូលរួមជាអធិបតីពី ឯកឧត្តម រស់ សុដែន រដ្ឋលេខាធិការក្រសួងកសិកម្ម តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី និងឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនជាច្រើន។




យោងតាមលោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត កិច្ចសន្យាសរុបមានចំនួន ១០ រួមមាន៖ជ័រកៅស៊ូ ៧ កិច្ចសន្យា (១,០៦០ តោន)ម្រេចខ្មៅ ១ កិច្ចសន្យា (១០០ តោន)ស្រូវក្រអូប ១ កិច្ចសន្យា (២៦.៥០ តោន)ពោតក្រហម ១ កិច្ចសន្យា (១៥០ តោន)មានតម្លៃសរុបប្រមាណ ១,៣០០,០០០ ដុល្លារអាមេរិក។មន្ត្រីបានបញ្ជាក់ថា កិច្ចសន្យានេះជាយន្តការសំខាន់ក្នុងការកាត់បន្ថយការលក់តាមឈ្មួញកណ្តាល និងធានាថាកសិករទទួលបានតម្លៃសមរម្យ និងមានស្ថិរភាព។ ក្រុមហ៊ុនក៏បានប្តេជ្ញាទិញក្នុងតម្លៃខ្ពស់ជាងទីផ្សារ និងផ្តល់ប្រាក់លើកទឹកចិត្តបន្ថែមផងដែរ។




ឯកឧត្តម គន់ រ័ត្នមុនី បានលើកឡើងថា កិច្ចសន្យានេះជាស្ពានសំខាន់ក្នុងការជួយកសិករឲ្យមានទីផ្សារពិតប្រាកដ និងកាត់បន្ថយហានិភ័យពីការធ្លាក់តម្លៃ ខណៈដែលខេត្តត្បូងឃ្មុំកំពុងរីកចម្រើនខ្លាំងក្នុងវិស័យកសិកម្ម។ដោយឡែក ឯកឧត្តម រស់ សុដែន បានបញ្ជាក់ថា ផលិតកម្មកសិកម្មតាមកិច្ចសន្យា គឺជាម៉ូដែល “ឈ្នះ-ឈ្នះ” ដែលរាជរដ្ឋាភិបាលកំពុងជំរុញ ដើម្បីលើកកម្ពស់ជីវភាពកសិករ និងពង្រឹងទីផ្សារកសិផលឲ្យមានភាពរឹងមាំ។




គួរបញ្ជាក់ថា វិស័យដំណាំនៅខេត្តត្បូងឃ្មុំ ក្នុងឆ្នាំ២០២៥ បានបង្កើតចំណូលប្រមាណ ៦៥០ លានដុល្លារ បង្ហាញពីសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍទៅជាប៉ូលសេដ្ឋកិច្ចកសិកម្មដ៏សំខាន់៕




អត្ថបទ÷អាចារ្យលាក់
