សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា ការកាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធីរដ្ឋបាល និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការបញ្ចេញទំនិញ គឺជាកត្តាសម្រេចជោគជ័យសម្រាប់សេដ្ឋកិច្ចជាតិ ខណៈដែលសម្ដេចបានជំរុញឱ្យស្ថាប័នគយ និងកំពង់ផែ ពន្លឿនការផ្តល់សេវាឱ្យបានឆាប់រហ័ស និងមានតម្លាភាពបំផុត ដើម្បីប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា គន្លឹះដ៏សំខាន់មួយនៃការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅលើឆាកអន្តរជាតិ គឺការធ្វើទំនើបកម្មប្រព័ន្ធការងារ និងការកែលម្អនីតិវិធីរដ្ឋបាលឱ្យកាន់តែមានភាពសាមញ្ញ និងប្រសិទ្ធភាពខ្ពស់។ សម្តេចបានលើកឡើងថា ទោះបីជាកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធទំនើប ឧបករណ៍បច្ចេកវិទ្យាជឿនលឿន ឬធនធានមនុស្សពូកែយ៉ាងណាក៏ដោយ ប៉ុន្តែប្រសិនបើនីតិវិធីការងារនៅតែមានភាពស្មុគស្មាញ និងជាន់គ្នា នោះយើងមិនអាចយកឈ្នះក្នុងការប្រកួតប្រជែងជាមួយប្រទេសដទៃបានឡើយ។ ជាឧទាហរណ៍ជាក់ស្តែង ក្នុងវិស័យដឹកជញ្ជូន ប្រសិនបើការបញ្ចេញទំនិញពីកំពង់ផែរបស់កម្ពុជាត្រូវចំណាយពេលរហូតដល់ ៣ ថ្ងៃ ខណៈប្រទេសជិតខាងចំណាយពេលត្រឹមតែ ១ ថ្ងៃ វានឹងធ្វើឱ្យយើងបាត់បង់ឧត្តមភាពប្រកួតប្រជែងភ្លាមៗ។

ក្នុងន័យនេះ រាជរដ្ឋាភិបាលបានជំរុញឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងកំពង់ផែស្វយ័តនានា បន្តខិតខំកែសម្រួលនីតិវិធីឱ្យកាន់តែមានភាពងាយស្រួល តម្លាភាព និងកាត់បន្ថយពេលវេលាឱ្យបានជាអតិបរមា។ ការវិនិយោគលើបច្ចេកវិទ្យាទំនើបៗ ដូចជាម៉ាស៊ីនស្កេនទំនិញ មិនត្រឹមតែជួយពន្លឿនល្បឿននៃការឆ្លងកាត់ទំនិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយចំណាយមិនចាំបាច់សម្រាប់ធុរជនផងដែរ។ ការធ្វើឱ្យនីតិវិធីមានភាពសាមញ្ញ តែរក្សាបាននូវប្រសិទ្ធភាពខ្ពស់ គឺជាយុទ្ធសាស្ត្រគន្លឹះដើម្បីកសាងទំនុកចិត្តដល់អតិថិជន និងវិនិយោគិន។

ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្ត្រីបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការកែទម្រង់ប្រព័ន្ធការងារនាពេលកន្លងមក។ សម្តេចបានចាត់ទុកថា ការងារដែលបងប្អូនកំពុងបំពេញនៅតាមច្រកទ្វារសេដ្ឋកិច្ចសំខាន់ៗ គឺជាកិច្ចការដ៏មានសារៈសំខាន់បំផុតក្នុងការថែរក្សាកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់កម្ពុជាលើឆាកអន្តរជាតិ។ ជាចុងក្រោយ សម្តេចធិបតីបានលើកទឹកចិត្តឱ្យបន្តពង្រឹងសមត្ថភាព និងធ្វើទំនើបកម្មប្រព័ន្ធការងារជាប្រចាំ ដើម្បីធានាថាទំនិញចេញចូលរបស់កម្ពុជាមានភាពរលូន និងអាចប្រកួតប្រជែងបានក្នុងទីផ្សារសកលលោក៕

Share.