ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានព្រមានឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចែកចាយមេរោគប្រភេទ .exe (Executable File) តាមបណ្តាញសង្គម Telegram។

តាមការសង្កេតថ្មីៗ ជនអនាមិកបានប្រើប្រាស់ឈ្មោះឯកសារទាក់ទាញ ដូចជា រូបភាពពាក់ព័ន្ធហេតុការណ៍ធំៗ ឬសន្ទរកថាអ្នកដឹកនាំ ដើម្បីបន្លំឲ្យអ្នកប្រើប្រាស់ចុចបើក ឬទាញយក ដែលអាចនាំឲ្យបាត់បង់ទិន្នន័យ ឬត្រូវលួចព័ត៌មានផ្ទាល់ខ្លួន។
អាជ្ញាធរ ក៏បានណែនាំឲ្យប្រជាពលរដ្ឋ ត្រូវពិនិត្យប្រភពឯកសារឱ្យបានច្បាស់ មុនពេលបើក ឬទាញយក និងកុំចុចលើឯកសារចម្លែកៗ ពីអ្នកមិនស្គាល់ ដើម្បីជៀសវាងហានិភ័យសន្តិសុខឌីជីថល។

