ក្នុងបរិបទដែលបាតុភូតក្មេងទំនើងមាននិន្នាការកើនឡើងនៅតាមបណ្ដារាជធានី និងខេត្តមួយចំនួន លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ថា ស្ថានភាពសន្តិសុខសាធារណៈនៅខេត្តសៀមរាបនៅតែស្ថិតក្នុងកម្រិតល្អប្រសើរ និងអាចគ្រប់គ្រងបាន។ ទោះយ៉ាងណា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កន្លងមក មានករណីក្មេងទំនើងកើតឡើងចំនួន ៤ លើក ប៉ុន្តែសមត្ថកិច្ចបានអន្តរាគមន៍បង្ក្រាបបានទាន់ពេលវេលា និងអនុវត្តច្បាប់យ៉ាងតឹងរឹង ដោយបញ្ជូនជនពាក់ព័ន្ធទៅតុលាការ។
សូមចុចអាន៖ កម្ពុជាបង្ក្រាបទីតាំង Online Scam ១២០កន្លែង ក្នុងត្រីមាសទី១ និងបណ្ដេញជនបរទេសជាង ៥ពាន់នាក់
សូមទស្សនាវីដេអូ៖


ពាក់ព័ន្ធនឹងមូលហេតុនៃបញ្ហានេះ លោកស្នងការបានបញ្ជាក់ថា ភាគច្រើនកើតចេញពីការតាមគ្នា និងចង់បង្ហាញភាពអង់អាចរបស់យុវជន ជាពិសេសការប៉ះពាល់ពីមាតិកាអវិជ្ជមានលើបណ្ដាញសង្គម ដែលធ្វើឲ្យមួយចំនួនខ្វះការយល់ដឹងអំពីច្បាប់ និងអនាគតរបស់ខ្លួន។ ដើម្បីដោះស្រាយបញ្ហានេះ ត្រូវការចូលរួមពីគ្រប់ភាគី រួមមាន មាតាបិតា អាណាព្យាបាល គ្រូបង្រៀន និងសមត្ថកិច្ច ដើម្បីអប់រំ ណែនាំ និងតាមដានយុវជនឲ្យដើរតាមផ្លូវត្រឹមត្រូវ។
សម្រាប់វិធានការទប់ស្កាត់ និងបង្ក្រាប ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានអនុវត្តទាំងវិធានការអប់រំ និងវិធានការច្បាប់។ កម្លាំងនគរបាលបានចុះផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» និងរៀបចំវេទិកាអប់រំផ្សេងៗ ដើម្បីពង្រឹងការយល់ដឹង។ ពេលដំណាលគ្នា ករណីណាដែលពាក់ព័ន្ធនឹងអំពើហិង្សា ឬប្រើអាវុធ ត្រូវបានអនុវត្តច្បាប់ដោយគ្មានការលើកលែង ខណៈករណីបំពានតិចតួច ក៏ត្រូវបានអប់រំ ឬដកហូតវត្ថុតាង ដើម្បីទប់ស្កាត់ជាមុន។
សូមចុចអាន៖ ប្រយ័ត្ន! មេរោគ .exe កំពុងរាតត្បាតតាម Telegram




ក្នុងនាមជាគោលដៅទេសចរណ៍សំខាន់ ខេត្តសៀមរាបបានដាក់ចេញផែនការយុទ្ធសាស្ត្រពង្រឹងសន្តិសុខយ៉ាងតឹងរឹង។ កម្លាំងសមត្ថកិច្ចត្រូវបានចាត់តាំងឲ្យមានវត្តមាន ២៤ ម៉ោងលើ ២៤ ម៉ោង ដោយផ្តោតលើការល្បាតត្រួតពិនិត្យនៅពេលយប់ និងត្រៀមអន្តរាគមន៍គ្រប់ពេលវេលា។ លទ្ធផលបង្ហាញថា ស្ថានភាពសន្តិសុខទូទៅ និងសុវត្ថិភាពភ្ញៀវទេសចរនៅតែមានភាពល្អប្រសើរ មិនមានករណីធ្ងន់ធ្ងរប៉ះពាល់ដល់មុខមាត់ខេត្តឡើយ។
ជាចុងក្រោយ លោកស្នងការបានអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងយុវជនទាំងអស់ ឲ្យចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការការពារ និងទប់ស្កាត់បាតុភូតក្មេងទំនើង។ មាតាបិតាត្រូវតាមដាន និងអប់រំកូនឲ្យបានល្អ ខណៈយុវជនគួរតែខិតខំសិក្សា គោរពវិន័យ និងជៀសវាងអំពើខុសច្បាប់។ ការចូលរួមរួមគ្នារបស់សង្គមទាំងមូល គឺជាគន្លឹះសំខាន់ក្នុងការរក្សាសន្តិភាព និងបន្តលើកស្ទួយមុខមាត់ខេត្តសៀមរាបជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព៕
