ម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានក្រើនរំឭកអំពីយុទ្ធសាស្ត្រក្នុងការកែទម្រង់នីតិវិធីរដ្ឋបាលសាធារណៈតាមរយៈប្រព័ន្ធឌីជីថល និងការបង្កើនប្រសិទ្ធភាពការងារអន្តរស្ថាប័ន ដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាតួអង្គសេដ្ឋកិច្ចដ៏រឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់ និងពិភពលោក។


ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនប្រសិទ្ធភាពក្នុងការផ្ដល់សេវារដ្ឋបាល និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិ។ សម្ដេចធិបតីបានលើកឡើងថា រាជរដ្ឋាភិបាលកំពុងខិតខំជំរុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា CamDX (Cambodia Data Exchange) ដើម្បីសម្រួលដល់ការចុះបញ្ជីអាជីវកម្ម និងនីតិវិធីផ្សេងៗឱ្យកាន់តែមានភាពរលូន ដោយជៀសវាងការដាក់ឯកសារដដែលៗនៅតាមស្ថាប័នផ្សេងគ្នា។ ជាមួយគ្នានេះ ការសម្របសម្រួលរវាងស្ថាប័នរដ្ឋ ជាពិសេសភាពស៊ីចង្វាក់គ្នារវាងអគ្គនាយកដ្ឋានពន្ធដារ និងក្រសួងពាណិជ្ជកម្ម គឺជាកត្តាចាំបាច់ដើម្បីលុបបំបាត់ភាពមិនច្បាស់លាស់ទាំងលើកម្រៃសេវា និងពេលវេលា ដែលជួយឱ្យវិនិយោគិនអាចព្យាករណ៍ពីដំណើរការអាជីវកម្មរបស់ពួកគេបានយ៉ាងត្រឹមត្រូវ។
បន្ថែមពីលើការកែទម្រង់ផ្ទៃក្នុង សម្ដេចនាយករដ្ឋមន្ត្រីបានផ្ដល់ទស្សនទានថា កម្ពុជាមិនត្រូវស្កប់ស្កល់ត្រឹមតែលទ្ធផលដែលល្អជាងមុននោះទេ ប៉ុន្តែត្រូវបន្តប្រៀបធៀបសមត្ថភាពរបស់ខ្លួនជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក។ ដើម្បីសម្រេចបាននូវឧត្តមភាពប្រកួតប្រជែង សម្ដេចបានកំណត់យកសសរស្តម្ភសំខាន់ៗចំនួនបួន រួមមាន ការអភិវឌ្ឍធនធានមនុស្សដែលមានជំនាញច្បាស់លាស់ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តទំនើប ការប្រើប្រាស់បច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម និងការកែលម្អគោលនយោបាយតាមរយៈការធ្វើទំនើបកម្មប្រព័ន្ធគយ និងនីតិវិធីរដ្ឋបាល។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវបន្តវិវត្តខ្លួនឱ្យទាន់ការប្រែប្រួលនៃសេដ្ឋកិច្ចសកល និងវិស័យដឹកជញ្ជូន ដើម្បីធានាថាព្រះរាជាណាចក្រកម្ពុជានៅតែជាគោលដៅវិនិយោគដ៏ទាក់ទាញ និងរឹងមាំ៕

