បាត់ដំបង÷ ក្រោយមានការភ្ញាក់ផ្អើលទាំងយប់ពេញបណ្តាញសង្គមពីករណីផ្សារភូពុយ ( ផ្សាររបស់អតីតប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង ) មានដាក់លក់ទុរេនថៃ មន្ត្រីជំនាញចុះពិនិត្យនាំយកសំណាកធ្វើតេសរកសារធាតុគីមី។




នៅព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២៦នេះមន្ត្រី ក ប ប ( កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ) សាខាខេត្តបាត់ដំបង បានចុះពិនិត្យ និងសាកសួរដល់អាជីវករអ្នកលក់ផ្លែទុរេនសរុបចំនួន ៨កន្លែងជាទីតាំងលក់បោះដុំ និងលក់រាយនៅក្នុងផ្សារភូពុយ ឋិតនៅកណ្តាលក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោក គឹម ប្រុស ប្រធាន ក ប ប សាខាខេត្តបាត់ដំបងបានផ្តល់បទសម្ភាសន៍ឲ្យដឹងថា÷ ក្រោយការសាកសួរព័ត៌មានលម្អិតលើក្រុមអាជីវករពួកគាត់បានអះអាងបង្ហាញពីប្រភពថាទុរេនដែលតាំងលក់នេះមួយចំនួននាំចូលពីខេត្តកំពង់ចាម និងមួយចំនួនទៀតពួកគាត់បានទិញមកពីផ្សារនាគមាស ក្រុងភ្នំពេញ ដែលវាមិនមែនជាទុរេនរបស់ថៃដូចគេលើកឡើងនោះឡើយ។


បើទោះបីជាបែបនេះក្តីជំហានទី ២ មន្ត្រី ក ប ប ក៏បាននាំយកនូវសំណាកផ្លែទុរេនយកទៅពិនិត្យរកសារធាតុហាមឃាត់ផងដែរដើម្បីបញ្ជាក់ឲ្យបានច្បាស់ចៀសវាងមានការសង្ស័យពីមហាជនក្នុង និងក្រៅស្រុក។
មន្ត្រីខាងលើចុងក្រោយបានទទូចសុំឲ្យបងប្អូនអាជីវកទាំងអស់សូមកុំឲ្យនាំចូល និងដាក់លក់នូវមុខទំនិញដែលរដ្ឋាភិបាលបានហាមឃាត់ ពុំនោះទេមន្ត្រីជំនាញ រួមជាមួយអាជ្ញាធរ សមត្ថកិច្ចនឹងចុះបង្ក្រាបអនុវត្តនីតិវិធីដោយមិនលើកលែងឡើយ។
ទន្ទឹមគ្នាជាមួយនឹងការអះអាងរបស់ក្រុមអាជីវកររួចមក ក៏មានប្រភពជាច្រើនបានបញ្ជាក់ថា÷ ការឆ្លើយរបស់ក្រុមអាជីវករទាំងអស់គ្រាន់តែជាការឆ្លើយដោះសារប៉ុណ្ណោះ វាមិនដែលបញ្ជាទិញទុរេនពីខេត្តកំពង់ចាមមក ហើយមិនមានលេខទូរស័ព្ទទំនាក់ទំនង វាមិនដែលទិញផ្លែទុរេនពីផ្សារនាគមាស ភ្នំពេញមក ហើយមិនមានវិក័យបត្រ ម៉្យាងទៀតទុរេនលក់នៅដើមរដូវបែបនេះមានតម្លៃធូរថ្លៃត្រឹម ១៤ ០០០រៀលក្នុងមួយគីឡូក្រាម ខុសស្រឡះពីឆ្នាំកន្លងមកទុរេនដល់ដំបូងដើមរដូវទីផ្សារលក់ទូទៅតម្លៃពី ២៥ ០០០ ទៅ២៨ ០០០រៀលឯណោះក្នុងមួយគីឡូក្រាម។
ជុំវិញករណីដដែលនេះមន្ត្រីក្នុងជួររដ្ឋបាលខេត្តបាត់ដំបង បានបង្ហើបឲ្យដឹងនៅថ្ងៃទី ០៣ ខែឧសភា នេះថា÷ មកទល់ពេលនេះសមត្ថកិច្ចស្រាវជ្រាវរកឃើញប្រភពបណ្តើរៗហើយ៕
អត្ថបទ: ដំបងក្រញូង
