ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ ព្រះសោមវេទី បណ្ឌិត អ៊ឹម សុភក្តិ (សុវណ្ណបញ្ញោ) ព្រះអនុគណក្រុងសួង និងជាព្រះចៅអធិការវត្តវិហារទន្ទឹម រួមជាមួយ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និង ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត បាននិមន្ត និងអញ្ជើញដឹកនាំមន្ត្រីរាជការ ព្រះសង្ឃ និងពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមប្រារព្ធពិធីបុណ្យវិសាខបូជា នៅវត្តវិហារទន្ទឹម ស្ថិតក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ។




ក្នុងឱកាសដ៏វិសេសនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទ បានចូលរួមដុតប្រទីប បូជាផ្កាផ្ញី គោរពចំពោះព្រះពុទ្ធរូប ដើម្បីរំលឹកដល់ព្រះសម្មាសម្ពុទ្ធ។ ពិធីបុណ្យវិសាខបូជា គឺជាបុណ្យជាតិមួយសំខាន់ ហើយក៏ត្រូវបានប្រទេសជាសមាជិកអង្គការសហប្រជាជាតិជាង២០០ ទទួលស្គាល់ជាថ្ងៃបុណ្យអន្តរជាតិផងដែរ។




បើតាមព្រះថេរដីការរបស់ព្រះសោមវេទី បណ្ឌិត អ៊ឹម សុភក្តិ បានបញ្ជាក់ថា បុណ្យវិសាខបូជា គឺរំលឹកដល់ព្រឹត្តិការណ៍សំខាន់៣ ក្នុងព្រះជីវិតព្រះសម្មាសម្ពុទ្ធ រួមមាន៖ ការប្រសូត្រ ការត្រាស់ដឹង និងការបរិនិព្វាន។ ព្រះអង្គបានមានព្រះថេរដីការបន្ថែមថា ព្រះពុទ្ធសាសនាជាសាសនានាំមកនូវសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយត្រូវបានប្រទេសជាច្រើននៅលើពិភពលោកប្រារព្ធផងដែរ។
ព្រះអង្គក៏បានផ្តល់ដំបូន្មានដល់ពុទ្ធបរិស័ទទាំងអស់ ឲ្យតាំងចិត្តធ្វើល្អ ប្រព្រឹត្តល្អ និងវាចាកអំពើអាក្រក់ ដើម្បីទទួលបានបុណ្យកុសល និងសេចក្តីសុខចម្រើន។




បន្ទាប់ពីព្រះថេរដីការបានបញ្ចប់ ក៏មានការដង្ហែក្បួនព្យុហយាត្រាតាមដងផ្លូវ ដើម្បីផ្សព្វផ្សាយអំពីសារៈសំខាន់នៃថ្ងៃបុណ្យវិសាខបូជា។ ពិធីនេះទទួលបានការចូលរួមយ៉ាងកុះករ ពីប្រជាពលរដ្ឋក្នុងក្រុងសួង ធ្វើឲ្យបរិយាកាសកាន់តែអធិកអធម និងឱឡារិក។
អត្ថបទ÷អាចារ្យលាក់
